បទវិភាគ៖មុខរបរជាច្រើនទទួលការអភិវឌ្ឍជាលំដាប់ អនាគតសេដ្ឋកិច្ចចិនមានភាពល្អប្រសើរជាទូទៅ
ពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលជាតិស្ថិតិចិនបានចេញផ្សាយទិន្នន័យបង្ហាញថា នៅខែមេសា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រជាជនទូទាំងប្រទេស(CPI)បានកើនឡើង០,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលអត្រាកំណើនបានកើនឡើង០,២ភាគរយបើប្រៀបធៀបនឹងខែមីនា ។ សមាគមន៍ឧស្សាហកម្មរថយន្តចិនបានចេញផ្សាយទិន្នន័យថ្មីបំផុតប្រចាំខែនៃមុខរបរនេះថា នៅខែមេសា ការផលិតនិងលក់រថយន្តរបស់ចិនបានកើនឡើងឆាប់បង្គួរ ក្នុងនោះ អនុបាតទីផ្សារនៃរថយន្តថាមពលថ្មីគឺឡើងដល់៣៦ភាគរយ ។ ធនាគារប្រជាជនចិនបានប្រកាសទិន្នន័យថ្មីបំផុតឱ្យដឹងថា ពីខែមករាដល់ខែមេសា ប្រាក់ឥណទាននៃប្រាក់យាន់ចិនបានកើនឡើង១០,១៩ទ្រីលានយាន់ប្រាក់ចិន ។ល។ ក្រៅពីនេះ សមិទ្ធផលថ្មីដែលចិនទទួលបានក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ការពារអេកូបរិស្ថាននិងថាមពលស្អាតជាដើមបានបង្ហាញថា ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនមានជំនឿចិត្តយ៉ាងខ្លាំងហើយអនាគតមានភាពល្អប្រសើរជាទូទៅ ។
ចាប់ពីចូលឆ្នាំ២០២៤នេះមក ប្រឈមមុខនឹងការសាកល្បងនៃបរិយាកាសសេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិនិងភាពមិនប្រាកដប្រជានៃពេលវេលាដឹកជញ្ជូនទំនិញ ខ្សែរថភ្លើងចិន-អឺរ៉ុបបានបន្តដំណើរការដោយនឹងនរ ដែលបានពង្រឹងមូលដ្ឋាននៃការតភ្ជាប់តំបន់អឺរ៉ាស៊ី ក៏ដូចជាផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ការប្រាស្រ័យទាក់ទងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុបនិងទូទាំងពិភពលោក ។ តាមទិន្នន័យថ្មីបំផុតនៃក្រុមហ៊ុនផ្លូវដែកជាតិចិនឱ្យដឹងថា ពីខែមករាដល់ខែមេសាឆ្នាំនេះ ខ្សែរថភ្លើងចិន-អឺរ៉ុបបានបើកបរសរុបចំនួន៦១៨៤លើក និងដឹកជញ្ជូនទំនិញចំនួន៦សែន៧ម៉ឺន៥ពាន់ TEU ដែលបានកើនឡើង១០ភាគរយនិង១១ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន អត្រាកំណើនបានបន្តកើនឡើងបើប្រៀបធៀបនឹងត្រីមាសទីមួយ ។
ពេលថ្មីៗកន្លងទៅនេះ គ្រឹស្ថានហិរញ្ញវត្ថុទុនបរទេសមួយចំនួនបាននាំគ្នាបន្ថែមគ្រឹស្ថានហិរញ្ញវត្ថុនិងពង្រីកការវិនិយោគ ដើម្បីបន្តពន្លឿនការបង្កើតរចនាសម្ព័ន្ធក្នុងទីផ្សាររបស់ប្រទេសចិន ។ នៅខែមេសា ក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលវិនិយោគដោយពាណិជ្ជករបរទេសចំនួនទី៩របស់ចិនបានទទួលការអនុញ្ញាតនិងដាក់ឱ្យដំណើរការជាផ្លូវការ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមហ៊ុននេះកំពុងពន្លឿនការអភិវឌ្ឍក្រុមការងារក្នុងស្រុកចិន ដើម្បីត្រៀមលក់ផលិតផលមូលនិធិសាធារណៈទីមួយ ។
ក៏នៅខែមេសាដែរ ក្រុមហ៊ុនមូលបត្រក្រុងប៉ារីសរបស់បារាំងបានក្លាយជាក្រុមហ៊ុនមូលបត្រដែលវិនិយោគដោយពាណិជ្ជករបរទេសចំនួនទី៤នៅប្រទេសចិន ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនមូលបត្រដែលគ្រប់គ្រងភាគហ៊ុនដោយទុនបរទេសចំនួន១០ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលវិនិយោគដោយពាណិជ្ជករបរទេសចំនួន៩និងក្រុមហ៊ុនជួញដូរឧបករណ៍និស្សន្ទដែលគ្រប់គ្រងភាគហ៊ុនដោយទុនបរទេសចំនួន៣ទទួលបានការអនុញ្ញាតឱ្យធ្វើអាជីវកម្មនៅប្រទេសចិន ។
មន្ត្រីនៃមជ្ឈមណ្ឌលពិនិត្យតាមដានតម្លៃនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់នៃប្រទេសចិនបានថ្លែងនៅពេលថ្មីៗកន្លងទៅនេះថា បើមើលពីការប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន សេដ្ឋកិច្ចចិនបានមានភាពល្អប្រសើរឡើងវិញ កម្លាំងចលករផ្ទៃក្នុងក៏ត្រូវពង្រឹងជាបន្តបន្ទាប់ដែរ ។ ក្នុងទំនិញនិងសេវាកម្មប្រភេទធំចំនួន៨ដែលឆ្លុះបញ្ចាំងពីសន្ទស្សន៍ CPI ក្រៅពីតម្លៃគ្រឿងឧបភោគបរិភោគ ស្រានិងបារីបានធ្លាក់ចុះ តម្លៃទំនិញនិងសេវាកម្មប្រភេទចំនួន៧ផ្សេងទៀតសុទ្ធតែបានកើនឡើងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយនិន្នាការស្តារឡើងវិញនៃតម្រូវការប្រើប្រាស់របស់ប្រជាជនត្រូវបានពង្រឹងថែមមួយកម្រិតទៀត ។
លោកស្រី Dilma Rousseff ប្រធានធនាគារអភិវឌ្ឍន៍ថ្មីបានដកស្រង់ការសិក្សាស្រាវជ្រាវមួយនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិក្នុងកិច្ចប្រជុំកំពូលស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគសកលឆ្នាំ២០២៤ថា កំណើនសេដ្ឋកិច្ចរបស់ចិនបានផ្តល់ឥទ្ធិពលវិជ្ជមានដល់តំបន់ផ្សេងទៀតនៃពិភពលោក ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើទូទាំងពិភពលោក សេដ្ឋកិច្ចរបស់ចិនបានបំពេញបន្ថែមភាពនឹងនរដល់សេដ្ឋកិច្ចពិភពលោក ហើយពាក្យសន្យារបស់ចិនចំពោះសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយគឺច្បាស់លាស់ ។
ទិន្នន័យគ្រប់វិស័យពីខែមករាដល់ខែមេសានៃសេដ្ឋកិច្ចប្រទេសចិនបានផ្តល់ជំនឿចិត្តកាន់តែខ្លាំងក្លាដល់ពួកយើង ។ ប៉ុន្តែយើងចាំបាច់ត្រូវឃើញថា បញ្ហាប្រឈមនៃសេដ្ឋកិច្ចចិនគឺមកពីច្រើនវិស័យ ហើយបរិយាកាសខាងក្រៅក៏កាន់តែស្មុគ្រស្មាញដែរ ។ មិនថារដ្ឋាភិបាលឬក៏សហគ្រាសក្តី សុទ្ធតែត្រូវត្រៀមលក្ខណៈឱ្យបានល្អពេញលេញ គួរតែរក្សាឧត្តមភាពនៅ៤ខែដើមឆ្នាំនេះ បង្កើតនិម្មាបនកម្មថ្មីខាងពាណិជ្ជកម្មជាមួយបរទេស ដើម្បីជំរុញឱ្យសេដ្ឋកិច្ចចិនទទួលការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងគុណភាពខ្ពស់ ៕