សម្តេចតេជោ៖ មេរៀនសម្រាប់កិច្ចការពារ និងប្រយុទ្ធប្រឆាំងអំពើប្រល័យពូជសាសន៍ មិនមែនសម្រាប់តែប្រជាជនកម្ពុជាទេ គឺសម្រាប់សហគមន៍អន្តរជាតិ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា មេរៀនសម្រាប់កិច្ចការពារ និងប្រយុទ្ធប្រឆាំងអំពើប្រល័យពូជសាសន៍ មិនមែនសម្រាប់តែប្រជាជនកម្ពុជានោះទេ គឺសម្រាប់សហគមន៍អន្តរជាតិផងដែរ ។
ក្នុងអញ្ជើញបិទសន្និសីទស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍សម្ដែងនូវក្តីរីករាយអញ្ជើញ បានចូលរួមពិធីបិទសន្និសីទស្តីពីកម្ពុជា ដែលអនាគតគ្មានអំពើប្រល័យពូជសាសន៍ នៅក្នុងយុត្តិតេជោ ប្រហែលជាអតីតសាលាក្តីខ្មែរក្រហមនេះ។
សម្តេចបន្តថា សាលយុត្តិតេជោ ជាទីតាំងដ៏មានសារៈសំខាន់បង្ហាញពីការប្រឹងប្រែងរបស់កម្ពុជា រួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍។ មូលហេតុដែលសម្រេចយកទីតាំងបញ្ជាការដ្ឋានកងទ័ពជើងគោក ធ្វើជាកន្លែងជំនុំជម្រះមេដឹកនាំខ្មែរក្រហម ព្រោះតែការគិតគូរជាចម្បងទៅលើសុវត្ថិភាពពិរុទ្ធជនដែលជាអតីតមេដឹកនាំខ្មែរក្រហម។
សម្តេចតេជោ មានប្រសាសន៍បន្តថា ទីតាំងនេះពីមុនស្ថិតនៅលើទឹកដីខេត្តកណ្តាល ដូច្នេះគឺមិនត្រូវតាមកិច្ចព្រមព្រៀងជាមួយអង្គការសហប្រជាជាតិនោះឡើយ អាស្រ័យហេតុនេះ សម្តេចក៏បានសម្រេចចុះហត្ថលេខាកាត់យកដីនេះចូលក្នុងរាជធានីភ្នំពេញ តែពេលបច្ចុប្បន្ននេះស្ថិតនៅក្នុងទីក្រុងភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មេរៀនសម្រាប់កិច្ចការពារ និងប្រយុទ្ធប្រឆាំងអំពើប្រល័យពូជសាសន៍មិនមែនសម្រាប់តែប្រជាជនកម្ពុជានោះទេ គឺសម្រាប់សហគមន៍អន្តរជាតិផងដែរ។ សម្តេចបានឯកភាពទាំងស្រុងជាមួយទស្សនៈរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលើកឡើងថា ប្រជាជនកម្ពុជា ត្រូវមានការឯកភាពគ្នាជាធ្លុងលើតភាពប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ ៕