សម្តេចតេជោ៖ ពលរដ្ឋកម្ពុជាពិតជាឈឺចាប់ខ្លាំងណាស់ ដែល UN ផ្តល់អាសនៈឱ្យខ្មែរក្រហម ហើយដាក់ទណ្ឌកម្មលើពលរដ្ឋខ្មែរ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា ពលរដ្ឋកម្ពុជាពិតជាឈឺចាប់ខ្លាំងណាស់ ដែលអង្គការសហប្រជាជាតិផ្តល់អាសនៈឱ្យខ្មែរក្រហម ហើយដាក់ទណ្ឌកម្មលើពលរដ្ឋខ្មែរ ដែលប្រឹងប្រែងរស់ពីការប្រល័យនៃរបបខ្មែរក្រហម។
ក្នុងឱកាសអញ្ជើញបិទសន្និសីទស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នាថ្ងៃទី២២ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងសុន្ទរកថារបស់សម្តេចពេលចរចារកសន្តិភាព សម្តេចបានចង្អុលថា កន្លែងស័ក្តិសមសម្រាប់ខ្មែរក្រហម គឺសាលាយុត្តិធម៌ មិនមែនក្រុមប្រឹក្សាជាតិ SNC នោះទេ។
សម្តេចតេជោ បានទម្លាយថា កិច្ចចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីស ត្រូវបានរាំងស្ទះ ដោយសារភាគីវាយខ្មែរក្រហមបានរក្សាជំហរតាំងពីដើមដល់ចប់ គឺកាត់ទោសខ្មែរក្រហម គឺការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍។
សម្តេចតេជោ ហ៊ុន សែន បានហៅអន្តរជាតិថា ពេលខ្មែរក្រហមនៅខ្លាំង អត់មាននរណាហ៊ានអើតក្បាលមិនទទួលស្គាល់របបខ្មែរក្រហមនោះទេ ដល់ពេលខ្មែរក្រហមចុះខ្សោយ ទើបនាំគ្នាឈប់ទទួលស្គាល់ខ្មែរក្រហម។
សម្តេចតេជោបានដាក់ជាសំណួរថា បើខ្មែរក្រហមចូលរួមបោះឆ្នោត មានគណបក្សនយោបាយ មានអាសនៈក្នុងសភា តើនរណាហ៊ានកាត់ទោសខ្មែរក្រហម? គួរតែអរគុណ ប៉ុល ពត ដែលដកខ្លួនពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដកខ្លួនពីការបោះឆ្នោត ផ្តល់លទ្ធភាពនៃការកាត់ទោសមេខ្មែរក្រហម។ សម្តេចតេជោបានថ្លែងថា នៅលើពិភពលោកនេះ មិនទាន់មានទេ ដែលមេដឹកនាំភាគីជម្លោះម្ខាងទៀត ចូលមកដល់ផ្ទះមេដឹកនាំនៃភាគីជម្លោះម្ខាងផ្សេងទៀត ៕