សម្តេចតេជោ ស្នើឲ្យបរទេសរៀនសូត្រ ពីការប្រយុទ្ធប្រឆាំងរបបប្រល័យពូជសាសន៍នៅកម្ពុជា ពិសេសរៀនសូត្រពីកំហុស ដែលបានគាំទ្រមេដឹកនាំរបបប្រល័យពូជសាសន៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យបរទេសរៀនសូត្រពីការប្រយុទ្ធប្រឆាំងនឹង របបប្រល័យពូជសាសន៍នៅកម្ពុជា ជាពិសេសរៀនសូត្រពីកំហុស ដែលបានគាំទ្រមេដឹកនាំរបបប្រល័យពូជសាសន៍ ។
ក្នុងសន្និសីទស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នាថ្ងៃទី២២ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីរក្សាបាននូវសុខសន្តិភាព និងស្ថេរភាព គឺត្រូវប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ កាត់បន្ថយគម្លាតសង្គម បង្កើតការងារជូនប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាផ្សេងៗទៀត។
សម្តេចតេជោ បានថ្លែងថា យើងត្រូវតែយកចិត្តទុកដាក់លើនយោបាយ «ចុងខ្សែពីរនៃចំណងមួយ» គឺចុងខ្សែម្ខាង គឺសន្តិភាព និងចុងម្ខាងទៀត គឺការអភិវឌ្ឍន៍ ដើម្បីធានាដល់ការអភិវឌ្ឍ និងការរក្សាសុខសន្តិភាព។
សម្តេចបានរំលឹកថា រាល់ពេលសម្តេចជួបជាមួយមិត្តភក្តិប្រទេស សម្តេចតែងរំលឹកពួកគេកុំឱ្យប្រព្រឹត្តកំហុសលើកទី៣លើប្រទេសកម្ពុជា ដែលកំហុសទី១ គឺការគាំទ្រការធ្វើរដ្ឋប្រហាររបស់ លន់ នល់, កំហុសទី២ គឺការទទួលស្គាល់របបខ្មែរក្រហមឱ្យអង្គុយនៅអង្គការសហប្រជាជាតិរយៈពេល១២ឆ្នាំ ហើយមកធ្វើបាបអ្នកដែលប្រឹងប្រែងរស់ងើបចេញពីរបបខ្មែរក្រហម ដូច្នេះសុំកុំសាងកំហុសលើកទី៣លើទឹកដីកម្ពុជា។ សម្តេចតេជោ បានថ្លែងថា បើអន្តរជាតិធ្វើដាក់របប លន់ នល់ ដូចធ្វើដាក់របបយោធារបស់មីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន ប្រហែលជាបញ្ហានៅកម្ពុជាមិនរីករាលដាលធំនោះទេ។
ជាមួយនឹងការប្រកាសបិទនូវសន្និសីទ ស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស ដើម្បីការអភិវឌ្ឍប្រទេសយើងឲ្យកាន់តែរីកចម្រើន យូរអង្វែងតទៅមុខទៀត ៕