សម្តេច ឃួន សុដារី ស្នើភាគីចិនជួយគាំទ្រដល់គម្រោងអភិវឌ្ឍស្ថាប័នរដ្ឋសភាកម្ពុជាទៅជារដ្ឋសភាឌីជីថល
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើភាគីចិនជួយគាំទ្រដល់គម្រោងអភិវឌ្ឍស្ថាប័នរដ្ឋសភាកម្ពុជាទៅជារដ្ឋសភាឌីជីថលនិងការស្តារហេដ្ឋារចនាសម្ព័ន្ធការិយាល័យតំណាងរាស្រ្តទាំង២៥ខេត្ត-រាជធានី។
ការស្នើរបស់ប្រធានរដ្ឋសភាកម្ពុជាបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម សូរ៉ាត ហ្សាគៀរ (Shohrat Zakir) អនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍ នៃសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២២ ខែឧសភាឆ្នាំ ២០២៤ នៅវិមានរដ្ឋសភា ខណៈពេល ឯកឧត្តម កំពុងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់រដ្ឋសភាកម្ពុជា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិន នាពេលនេះ ពិតជាមានសារៈសំខាន់ជាប្រវត្តិសាស្រ្ដ។ ដំណើរទស្សនកិច្ចនេះបានចូលរួមចំណែកយ៉ាងខ្លាំងដល់ការបន្តពង្រឹង ពង្រីក និងលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និង ”កិច្ចសហប្រតិបត្ដិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” នៃប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់មិត្តចិនបានទេ។
សម្តេចរដ្ឋសភាធិបតី មានជំនឿយ៉ាងមុតមាំថា ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែងជាមួយគ្នាបន្ថែមទៀតក្នុងការអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីផ្ដល់ជាផលប្រយោជន៍រួមរបស់ប្រជាជន៕