អាជ្ញាធរជាតិអប្សរា នឹងតម្លើងស្ថានីយ៍គ្រប់គ្រងទឹកស្វ័យប្រវត្តិនៅរមណីយដ្ឋានអង្គរ
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នាទីស្នាក់ការសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ (SIAVB) ប្រទេសបារាំង ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយ លោក Jean-Michel Bordes អគ្គនាយកSIAVB និង លោក Jacques Bellier ប្រធានសមាគមន៏ AGERA និង មន្រ្តីបចេកទេសរបស់ស្ថាប័ណ្ឌផ្សេងៗនៃគម្រោង«ប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA)» ដើម្បីពិនិត្យលើកិច្ចការបច្ចេកទេសក្នុងការត្រៀមយកស្ថានីយ៍គ្រប់គ្រងទឹកដោយស្វ័យប្រវត្តិទៅតម្លើងនៅរមណីយដ្ឋានអង្គរចំនួន៦ស្ថានីយ៍នាខែមិថុនាខាងមុខនេះ។
សូមរំលឹកឡើងវិញថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំគណប្រតិភូអញ្ជើញចូលរួមការសម្ពោធសាកល្បងនៃស្ថានីយ៍នេះនៅទីស្នាក់ការ SIAVB។ ក្នុងពេលនេះ ជាលទ្ធផល ស្ថានីយ៍ដែលបានតម្លើងសាកល្បងនៅSIAVBនាពេលនោះទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានិងសហជីពអន្តរសង្កាត់ជ្រលងប៊ីយ៉ែវ (SIAVB)បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការវិមជ្ឈការនៅក្នុងគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២៕