សម្តេចធិបតី៖ ធនធានមនុស្សនៅតែជាអាទិភាពគន្លឹះទី១នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បន្តពីយុទ្ធសាស្រ្តចតុកោណ រាជរដ្ឋាភិបាល នៅតែផ្តោតអាទិភាពគន្លឹះទី១លើធនធានមនុស្សដែលជាចំណុចសំខាន់បំផុតនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មូលធនមនុស្ស គឺជាដង្ហើមសេដ្ឋកិច្ចក្នុងការអភិវឌ្ឍប្រទេសជាតិ និងការថែរក្សាប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិរបស់យើង ដែលប្រការនេះហើយដែលរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ទៅលើ សុខភាពនិងចំណេះដឹងរបស់ធនធានមនុស្ស។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា នៅក្នុងផ្នែកថែទាំងសុខភាព រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើចំណុចមួយចំនួនដូចជា៖ ទី១.គុណភាពសុខាភិបាល (Quality), ទី២.លទ្ធភាពក្នុងការប្រើប្រាស់ (Access) និងទី៣.តម្លៃសមរម្យ (Suitable cost) ៕