ចិន ចាត់ទុកកម្ពុជា ជាប្រទេសអាទិភាព ហើយគាំទ្រកម្ពុជាយ៉ាងមុតមាំ នូវមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន ស្របតាមសភាពការណ៍ជាក់ស្ដែង
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានសម្តែងនូវក្តីរីករាយដោយឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរមានការរីកចម្រើន។ សម្ដេចតេជោពិតជារីករាយ ដោយឃើញពីលទ្ធផលនៃជំនួប រវាងឯកឧត្តមជាមួយនឹងសម្ដេចរដ្ឋមហាសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅកាលពីម្សិលមិញ។
ជាការឆ្លើយតប ឯកឧត្តម Shohrat Zakir ពិតជារីករាយដែលបានជួប សម្ដេចតេជោ ប្រធានព្រឹទ្ធសភា នៅថ្ងៃនេះ។ ឯកឧត្តមក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ឯកឧត្តម ចាវជីលី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ តំណាងប្រជាជនចិន និងថ្នាក់ដឹកនាំចិនជាច្រើនទៀតផងដែរ ជូនសម្ដេចតេជោ។ ឯកឧត្តម ក៏បានសម្ដែងអំណរសាទរ ចំពោះជោគជ័យយ៉ាងត្រចះត្រចង់នៃការបោះឆ្នោតបន្តបន្ទាប់របស់កម្ពុជាដែលគណបក្សប្រជាជនកម្ពុជាបានទទួលនូវភាពជោគជ័យជាបន្តបន្ទាប់ ដែលបង្ហាញពីការគាំទ្រដ៏លើសលប់ពីប្រជាជនចំពោះគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម បានចាត់ទុកសម្ដេចតេជោជាមិត្តចាស់ ឯកឧត្តមបានបន្តទៀតថា ចំណងមិត្តភាពកម្ពុជា-ចិន ដែលបានបង្កើតជាច្រើនជំនាន់មកហើយ ដែលផ្ដួចផ្ដើមដោយសម្ដេចព្រះបរមរតនៈកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ ជាមួយនឹងថ្នាក់ដឹកនាំចិន ហើយដែលត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំចិន និងកម្ពុជាជាបន្តបន្ទាប់រៀងរហូតមកដោយរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងផ្ដល់នូវភាពរីកចម្រើនឲ្យគ្នាទៅវិញទៅមក។ រហូតមកដល់ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី ចិន ស៊ី ជីនពីង និងសម្ដេចតេជោដែលបានផ្ដួចផ្ដើម និងការកសាងសហគមន៍ ជោគវាសនារួមកម្ពុជា-ចិន ក្នុងដំណាក់កាលថ្មីប្រកបដោយគុណភាពខ្ពស់។ ភាគីចិនចាត់ទុកកម្ពុជាជាប្រទេសអាទិភាព ហើយគាំទ្រកម្ពុជាយ៉ាងមុតមាំនូវមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន ស្របតាមសភាពការណ៍ជាក់ស្ដែង។ ប្រទេសចិនក៏បានប្តេជ្ញាសហការក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងខិតខំជំរុញច្រករបៀងមច្ឆា និងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ឱ្យមានការរីកចម្រើនដើម្បីផលប្រយោជន៍ទៅវិញទៅមក។
ក្នុងឱកាសខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានប្រឈមនឹងកាលានុវត្តភាពថ្មី ជាមួយស្ថានការណ៍ភូមិសាស្ត្រនយោបាយ ដែលកម្ពុជា និងចិនត្រូវតែសហការជាមួយគ្នាដើម្បីកសាងសហគមន៍វាសនារួមគ្នា។ កន្លងមកនេះ ភាគីចិនតែងតែស្វាគមន៍ព្រះរាជវត្តមានរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងពិនិត្យព្រះរាជសុខភាពជាទៀងទាត់ និងព្រះរាជទស្សនកិច្ចផ្សេងៗ នៅប្រទេសចិន។ ភាគីចិនក៏នឹងត្រៀមរៀបចំទទួលស្វាគមន៍វត្តមាន សម្ដេចតេជោ ប្រធានព្រឹទ្ធសភា អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនតាមពេលវេលាសមស្របនាពេលខាងមុខនេះផងដែរ។ ភាគីចិននិងប្ដេជ្ញាសហការជាមួយកម្ពុជាក្នុងការធ្វើទំនើបកម្ម និងសហប្រតិបត្តិការយ៉ាងជិតស្និត ការពារអធិបតេយ្យ និងសន្តិសុខរបស់ប្រទេសទាំងពីរ។ ភាគីចិនក៏នឹងខិតខំធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ការធ្វើទំនើបកម្មច្នៃប្រឌិត និងការចែករំលែកបទពិសោធន៍ ជាមួយកម្ពុជា លើគ្រប់វិស័យជាច្រើនទៀត។
ឯកឧត្តម ក៏បានបញ្ជាក់ថា ភាគីចិន និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ខិតខំជំរុញការនាំចូលផលិតផលកសិកម្មពីកម្ពុជា ជំរុញការអភិវឌ្ឍន៍ច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មផ្លូវថ្នល់ ផ្លូវដែក អគ្គិសនី ប្រព្រឹត្តិកម្មទឹកកខ្វក់ជាដើម។ ក្នុងនោះប្រទេសទាំងពីរ នឹងជំរុញការផ្លាស់ប្ដូរ ប្រជាជន និងប្រជាជនដោយសារឆ្នាំនេះជាឆ្នាំដែលប្រទេសទាំងពីរបានកំណត់ ជាពិសេសជំរុញ វិស័យទេសចរណ៍រវាងទាំងពីរ។ ក្នុងនោះប្រទេសទាំងពីរ ក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ហ្គេមតាមអនឡាញ ការជួញដូរមនុស្ស និងការផ្សព្វផ្សាយព័ត៌មានវិជ្ជមានជាដើម។
សម្ដេចតេជោ បានអរគុណចំពោះ ឯកឧត្តម ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដែលកន្លងមក សម្ដេច បានធ្វើការជាមួយថ្នាក់ដឹកនាំចិនជាបន្តបន្ទាប់ ដែលបានជំរុញការលើកកម្ពស់ទំនាក់ទំនងរហូតមកដល់ពេលនេះ។ សម្ដេចពិតជារីករាយចំពោះ ឯកឧត្តម ដែលបានធ្វើការយ៉ាងល្អ ជាមួយប្រធានរដ្ឋសភាកម្ពុជា និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដោយបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់កាលពីម្សិលមិញនេះ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណចំពោះការអញ្ជើញសម្ដេចទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នឹងបានលើកពីកិច្ចសហប្រតិបត្តិការ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ។ល។ ហើយរាល់កិច្ចសហប្រតិបត្តិការទាំងអស់បានផ្ដល់ប្រយោជន៍ដល់កម្ពុជាយ៉ាងច្រើន។ សម្ដេចក៏បានសុំឲ្យមិត្តចិនមើលមកកម្ពុជាជាមិត្តដែលគួរឲ្យទុកចិត្ត។ សម្ដេចបានមានប្រសាសន៍បន្តថា មិត្តចិនអាចទទួលការពិតមួយហើយ គឺការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី ពុំមានការផ្លាស់ប្ដូរគោលជំហក្នុងទំនាក់ទំនងជាមួយចិនទេ។ រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងតែខិតខំពង្រឹងទំនាក់ទំនងដែលមានស្រាប់ ឲ្យកាន់តែរឹងមាំថែមទៀតជាមួយនឹងគំនិតថ្មីៗ ដើម្បីធ្វើឲ្យទំនាក់ទំនងនេះ កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ១៩ សម្ដេចតេជោ បានសម្ដែងនូវការអរគុណចំពោះមិត្តចិន ដែលបានជួយឲ្យកម្ពុជាអាចទប់ទល់នឹងជំងឺនេះបានប្រកបដោយភាពជោគជ័យ។ សម្ដេចបន្តថា កិច្ចសហប្រតិបត្តិការប្រឆាំងកូវីដ១៩នេះ ពិតជាមានតម្លៃសំខាន់ណាស់សម្រាប់កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន។
សម្ដេចក៏បានកោតសរសើរ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩កន្លងទៅនេះ។ សម្ដេចតេជោ បានចាត់ទុកការជួយរបស់ចិនមកកម្ពុជា មិនត្រឹមតែជួយអភិវឌ្ឍក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះនោះទេ តែបានជួយពង្រឹងដល់ឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង។ ជាចុងក្រោយ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសុំឲ្យឯកឧត្តមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត និងសូមជូនពរឱ្យមានសុខភាពល្អ និងបន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត។
ឯកឧត្តម ក៏សូមស្វាគមន៍ចំពោះ សម្ដេចតេជោប្រធានព្រឹទ្ធសភា អញ្ជើញបំពេញទស្សនៈកិច្ចទៅកាន់ប្រទេសចិនតាមពេលវេលាសមស្របណាមួយនាពេលខាងមុខ ហើយឯកឧត្តមសង្ឃឹមថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន នឹងត្រូវបាន ជំរុញ និងលើកកម្ពស់ឲ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ នាពេលខាងមុខ៕