អង្គរ និងវែស៊ៃប្រទេសបារាំង ពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោង ប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ
ភ្នំពេញ៖ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោក François De Mazières អភិបាលក្រុងវែស៊ៃ និងជាប្រធានឧទ្យានវែស៊ៃ (Versailles Grand Parc) នៅសាលាក្រុងវែស៊ៃ ប្រទេសបារាំង ដោយមានការចូលរួមពីលោក Francisque Vigouroux ប្រធាន SIAVB និងជាប្រធានសមាគមចៅសង្កាត់នៃតំបន់ Essonne លោក Jean-Michel Bordes អគ្គនាយកសហជីពអន្តរសង្កាត់គ្រប់គ្រងទឹក នៃជ្រលងប៊ីយ៉ែវ (SIAVB) និងលោក Jacques Bellier ប្រធានសមាគម AGERA និងសមាជិកបច្ចេកទេសមួយចំនួនទៀត ដូចជា លោកស្រី Béatrice Delgado លោក Manuel Pluvinage លោក Pascal Thévenot និងលោក Srun Kim Ang។
ប្រធានបទសំខាន់ៗនៃកិច្ចពិភាក្សាបានផ្តោតទៅលើការគាំទ្រនិងឧបត្តម្ភរបស់សាលាក្រុងវែស៊ៃមកលើគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA) និងកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគតរវាងស្ថាប័នទាំងពីរ៕