ឯកឧត្តម ប្រាក់ សុខុន ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ទាំង៥ របស់គណបក្សប្រជាជន ក្នុងខណ្ឌជ្រោយចង្វា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ និងជាអនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ទាំង៥ របស់គណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌជ្រោយចង្វារ នៅតាមទីស្នាក់គណបក្សសង្កាត់នីមួយៗ។
ដោយសមាសភាពចូលរួម រួមមាន សមាជិក សមាជិការក្រុមប្រឹក្សាសង្កាត់របស់គណបក្សប្រជាជនកម្ពុជា ក្រុមការងារគណបក្សខណ្ឌ ក្រុមការងារចុះមូលដ្ឋានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងបុគ្គលិកបម្រើការងារនៅស្នាក់ការគណបក្សសង្កាត់ សរុបចំនួន ៨០នាក់។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់គណបក្សសង្កាត់នីមួយៗ ស្តីពីសភាពការណ៍ទូទៅរបស់មូលដ្ឋានទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាជន ការងារបក្ស ព្រមទាំងការត្រៀមលក្ខណៈសម្បត្តិ ទាំងឯកសារ មធ្យោបាយ ធនធាន សតិអារម្មណ៍ និងការថែទាំសុខសុវត្ថិភាព សុខភាព របស់អង្គបោះឆ្នោត រួចមក ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះបងប្អូនក្រុមប្រឹក្សាសង្កាត់ដែលបានអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនគ្រប់ការបោះឆ្នោត ពិសេសការបោះព្រឹទ្ធសភាកន្លងទៅថ្មីៗនេះ។
ឯកឧត្តមបានសម្តែងនូវការកោតសរសើរ និងសូមវាយតម្លៃខ្កស់ចំពោះសមិទ្ធិផលដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៅមូលដ្ឋានដោយផ្ទាល់។ ឯកឧត្តមបានសម្តែងនូវមោទនៈភាព និងក្តីសង្ឃឹមចំពោះ ការប្តេជ្ញាចិត្តរបស់បងប្អូន ដែលបង្ហាញពីការរួម ស្ម័គ្រស្មោះដោយឥតរេរាក្នុងការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៦ ឧសភា ខាងមុខនេះ។
ឯកឧត្តមក៏សូមផ្តាំផ្ញើឲ្យគណបក្សខណ្ឌ ក្រុមការងារចុះមូលដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដានគ្រប់សភាពការណ៍ ជាពិសេសចាប់ពីពេលនេះរហូតដល់ការរាប់សន្លឹកឆ្នោតរួចរាល់ ជៀសវាងមានហេតុការណ៍ណាមួយកើតឡើង និងសូមឲ្យបងប្អូនថែរក្សាសុខសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន ព្រមទាំងត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីទៅចូលរួមបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយើងទាំងអស់គ្នា។
ជាទីបញ្ចប់ ឯកឧត្តម ប្រាក់ សុខុន ក៏បានជូនពរដល់អង្គពិធីទទួលបាននូវសុខភាពល្អ និងសម្រេចបានគ្រប់ភារកិច្ចដែលរដ្ឋ និងបក្សប្រគល់ជូន ដើម្បីបម្រើផលប្រយោជន៍ប្រជាជន ៕