ឯកឧត្តម ហួត ស៊ីនាដ ដឹកនាំបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខណ្ឌពោធិ៍សែន
ភ្នំពេញ៖ ឯកឧត្តម ហួត ស៊ីនាដ អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ តំណាងឯកឧត្តម ហេង សួរ ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញចូលរួមពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅបុរីឈូកវ៉ា២ រាជធានីភ្នំពេញ ដោយមានសមាជិក សមាជិកាចូលរួមសរុបប្រមាណ ៦០០នាក់។
ឯកឧត្តម ហួត ស៊ីនាដ បានគូសបញ្ជាក់ថា ការប្រារព្ធពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ ក្នុងគោលបំណងបង្ហាញឲ្យសាធារណៈជនឃើញថា គណបក្សប្រជាជនកម្ពុជារួបរួមសាមគ្គីគ្នាគ្រប់លំដាប់ថ្នាក់ និងប្រៀបឈ្នះរបស់គណបក្ស ក្រោមដំបូលសុខសន្តិភាព ដែលបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា។
ឯកឧត្តមបញ្ជាក់ទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ កាន់តែមានសារៈសំខាន់ និងជាព្រឹត្តិការប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រទេសកម្ពុជា នាអាណត្តិទី៧នេះ។
ជាមួយគ្នានោះ ឯកឧត្តម ហួត ស៊ីនាដ បានក្រើនរំលឹកដល់លោក លោកស្រី ដែលជាប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សា មកពីគ្រប់សង្កាត់ទាំង៧ របស់ខណ្ឌពោធិ៍សែនជ័យ ត្រូវត្រៀមលក្ខណៈសម្បត្តិ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ឲ្យបានគ្រប់គ្នា និងត្រឹមត្រូវជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលជ័យជំនះ សំដៅធានាបាននូវ សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ៕