ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គម្រប់ខួប ៩០ ឈានចូល ៩១ ឆ្នាំ ដែលប្រារព្ធធ្វើនៅថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ឯកឧត្តមបណ្ឌិត បានថ្លែងក្នុងពិធីនោះថា ក្នុងនាមឯកឧត្តមផ្ទាល់ មានបិតិសោមនស្សរីករាយ និងសូមបួងសួងដល់ទសបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីខ្មែរគ្រប់ព្រះអង្គរ ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យដ៏បវរមហាប្រសើរ ជូន សម្តេចអគ្គមហាពញាចក្រី សូមប្រកបដោយសុខភាពល្អបរិបូណ៍ ជន្មាយុយឺនយូរ កម្លាំងពលំមាំមួន បញ្ញាញាណឈ្លាសវៃ ដើម្បីបន្តបេសកកម្មដ៏ថ្លៃថ្លាឧត្តុង្គឧត្តមក្នុងការបម្រើជាតិ និងប្រជាជន ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ រួមចំណែងពង្រឹងនីតិរដ្ឋ ស្របតាមគោលការណ៌លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងការធានាបានរឹងមាំនូវសុខ សន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី ជាពិសេសបន្តចូលរួមជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយទេពកោសល្យ ភាពប៉ិនប្រសប់ ស្វាហាប់ និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក និងទេវតាឆ្នាំថ្មី ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបាន ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕