សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៤ បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើនៅទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងឥស្សរជនជាន់ខ្ពស់ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិជាច្រើនទៀត បានអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ នៅក្នុងព្រះរាជពិធីដ៏មានអត្ថន័យនេះ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ» និងជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋ ថារដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ។
ក្រោយការច្រត់ព្រះនង្គ័លជានិមិត្តរូប ៣ជុំ គោឧសភរាជ ត្រូវបានព្រលែងឱ្យទៅបរិភោគអាហារទាំង៧មុខ។ ក្នុងចំណោមអាហារទាំងនោះ មានអាហារចំនួន៣មុខដែលគោឧសភរាជបានបរិភោគច្រើនជាងគេ ដោយក្នុងនោះ ស្រូវមានចំនួន ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក ៨៥ភាគរយ។ តាមរយៈការបរិភោគរបស់គោឧសភរាជនេះ ត្រូវបានព្រាហ្មបុរោហិតផ្សងប្រផ្នូលឃើញថា ដំណាំកសិកម្មទាំង៣មុខនេះនឹងទទួលបានទិន្នផលល្អប្រសើរក្នុងឆ្នាំនេះ ៕