សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមដង្ហែ ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើនៅទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំយុវជន និងកីឡា ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សូមជម្រាបជូនថា ការផ្សងប្រផ្នូលតាមរយៈ គោឧសភរាជ ឱ្យទៅបរិភោគសំណែនភោជន ៧មុខ រួមមាន៖ ស្រូវ, ពោត, សណ្តែក, ល្ង, ស្មៅ, ស្រា និងទឹក។ តាមការទស្សន៍ទាយរបស់ព្រាហ្មណ៍ព្រះរាជគ្រូ គោឧសភរាជបានបរិភោគ ស្រូវ ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្តែក ៨៥ភាគរយ។ តាមប្រថ្នូល ទិន្នផលកសិកម្មក្នុងរដូវវស្សាឆ្នាំនេះ នឹងទទួលបានផលច្រើន។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលទៅតាមការបរិភោគរបស់ គោឧសភរាជ។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មឱ្យបានដឹងថារដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ ៕