ឧត្តមសេនីយ៍ឯក តុប នេត អញ្ជើញបើកវគ្គសិក្សា “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៤” ដល់មន្រ្តីផ្ដល់សេវាទាំងអស់ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៤” ដោយមានការអញ្ជើញចូលរួមពី លោក បណ្ឌិត យ៉េន យ៉ាត នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជាគ្រូបង្គោល។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០២៤) នៅសាលប្រជុំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន ព្រមទាំងអស់លោក លោកស្រី ដែល ជាសិក្ខាកាមអញ្ជើញមកពីនាយកដ្ឋានអត្រានុកូលដ្ឋាន នាយកដ្ឋានលិខិតឆ្លងដែន និងនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ថ្លែងក្នុងពិធីបើកវគ្គសិក្សា ឯកឧត្តម បណ្ឌិត អគ្គនាយក បានមានប្រសាសន៍ណែនាំដល់ លោក លោកស្រីជាសិក្ខាកាមត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ សិក្សារៀនសូត្រវគ្គបណ្តុះបណ្តាល ជំនាន់ទី៤នេះ ឱ្យទទួលបានជោគជ័យគ្រប់ៗគ្នា ព្រោះក្រមសីលធម៌វិជ្ជាជីវៈ នៃការផ្ដល់សេវា មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ៕