ក្រសួងបរិស្ថានបើកសិក្ខាសាលាស្តីពី ការធ្វើបច្ចុប្បន្នភាពសុពលភាពសេចក្តីព្រៀងឯកសារគម្រោងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាងបឹងទន្លេសាប និងតំបន់ទេសភាពភ្នំគូលែន
ភ្នំពេញ៖ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី ការធ្វើបច្ចុប្បន្នភាពសុពលភាពសេចក្តីព្រៀងឯកសារគម្រោងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាងបឹងទន្លេសាប និងតំបន់ទេសភាពភ្នំគូលែន ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមលោក Sharkeel Ahmad តំណាង UNDP ប្រចាំកម្ពុជា, ឯកឧត្តមអគ្គនាយក លោក លោកស្រី អគ្គនាយករង មន្ត្រីជំនាញនៃក្រសួងបរិស្ថាន ព្រមទាំងសិក្ខាកាមមកពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ចំនួន៧៨រូប នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូល ក៏ដូចជាធ្វើបច្ចុប្បន្នភាពក្នុងការរៀបចំឯកសារគម្រោងស្តីពីការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាងបឹងទន្លេសាប និងតំបន់ទេសភាពភ្នំគូលែន ខេត្តសៀមរាប។
ថ្លែងក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណចំពោះអង្គការ UNDP ដែលបានចូលរួមចំណែកក្នុងការរៀបចំគម្រោងឯកសារនេះ ក៏ដូចជាអរគុណទៅដល់សិក្ខាកាមទាំងអស់ ដែលបានមកពីក្រសួង បណ្តាស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តមរដ្ឋលេខាធិការក៏បានគូសបញ្ជាក់ផងដែរ ការរៀបចំឯកសារគម្រោងនេះ បានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ជាពិសេស គឺបានឆ្លើយតបទៅនឹង ភាពបៃតង និងចីរភាព នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តឱ្យអង្គសិក្ខាសាលាពិភាក្សាទៅលើចំណុចអាទិភាព និងផ្តល់ជាធាតុចូល ដើម្បីរៀបចំជូនទៅកម្មវិធីបរិស្ថានសកលឱ្យបានទាន់ពេលវេលានៅពេលខាងមុខនេះ៕