កម្ពុជា-កូរ៉េ ពិភាក្សាការងារពង្រឹងកិច្ចសហប្រតិបត្តិការការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសិក្សាគម្រោងស្វែងរកជំនួយបន្សាបសារធាតុគីមីផ្សំ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអនុញ្ញាតឱ្យមន្ត្រីផ្នែកអង្កេតបទល្មើសគ្រឿងញៀននៃការិយាល័យអគ្គរដ្ឋអាជ្ញាខេត្តស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។
ក្រោយកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានជម្រាបឱ្យដឹងថា កិច្ចពិភក្សាគឺផ្តោតសំខាន់លើការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាង៖ ១. អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងស្ថាប័នអគ្គរដ្ឋអាជ្ញាសាធារណរដ្ឋកូរ៉េ និង២. អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងមជ្ឈមណ្ឌលសម្របសម្រួលនិងព័ត៌មានប្រចាំអាស៊ី-ប៉ាស៊ីហ្វិកទទួលកិច្ចការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន(APICC)។
ជាមួយនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានជម្រាបបន្ថែមថា ក្រៅពីការពិភាក្សាលើកិច្ចសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់គ្រឿងញៀន ភាគីទាំងពីរក៏បានពិភាក្សាលើការស្នើសុំជំនួយគាំទ្រពីសាធារណរដ្ឋកូរ៉េជួយដល់កម្ពុជា ក្នុងគម្រោងការបំផ្លាញចោលដោយសុវត្ថិភាពនូវសារធាតុញៀននិងសារធាតុគីមីផ្សំដែលសមត្ថកិច្ចកម្ពុជាបានរឹបអូសកន្លងមកផងដែរ ៕