ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញចូលរួមក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ និងបានអញ្ជើញឡើងថ្លែងសន្ទរកថា ក្នុងនាមក្រសួងសុខាភិបាលកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសុខាភិបាល ចូលរួមក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ និងបានអញ្ជើញឡើងថ្លែងសន្ទរកថា ក្នុងនាមក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០:៣៨នាទីព្រឹក ត្រូវនឹងម៉ោង១៥:៣៨នាទីម៉ោងនៅរាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសុខាភិបាល ចូលរួមក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានអញ្ជើញឡើងថ្លែងសន្ទរកថា ក្នុងនាមក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០:៣៨នាទីព្រឹក ត្រូវនឹងម៉ោង១៥:៣៨នាទីម៉ោងនៅរាជធានីភ្នំពេញ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវអំណរគុណដល់អង្គការសុខភាពពិភពលោក និងគ្រប់ដៃគូ អភិវឌ្ឍន៍ទាំងអស់ ដែលបាននិងកំពុងចូលរួមគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា រហូតសម្រេចបានគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍នាពេលកន្លងមក។ ចំពោះមុខទំហំនៃកិច្ចការរួម ជាពិសេសរបៀបវារៈនៃគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព កម្ពុជាសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ប្រកបដោយបរិយាបន្ន សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបបានទៅនឹងបញ្ហាប្រឈម សុខភាពជាសកល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដែលយើងធ្វើសកលភាវូបនីយកម្មពាណិជ្ជកម្មជាការចាំបាច់ បន្ថែមពីនោះសកលភាវូបនីយកម្មសុខាភិបាលរិតតែមានសារៈសំខាន់ ព្រោះថាការចែករំលែកព័ត៌មាន ទិន្នន័យ ចំណេះដឹង ផ្នែកសុខភាព ព្រមទាំងធនធាន យុទ្ធវិធីក្នុងដំណោះស្រាយបញ្ហាសុខភាព និងការព្យាបាល ជាពិសេសនវានុវត្តន៍ផ្នែកសុខភាពប្រកបដោយសមធម៌ គឺជាកត្តាកំណត់ប្រសិទ្ធភាពខ្ពស់ក្នុងកាសម្រេចបាន ជោគជ័យរួមជាសាកល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសាមគ្គីភាព លើភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចខិតខំជួយពង្រឹងសន្តិសុខ និងស្វ័យភាពសុខភាពនៃរដ្ឋជាសមាជិក។ ដូច្នេះការចូលរួមនៃរដ្ឋសមាជិកក្នុង កិច្ចការខិតខំប្រឹងប្រែងរួមគ្នាកសាងពិភពលោកមួយ ប្រកបដោយសមធម៌ មានសមត្ថភាពប្រឈមមុខនឹង ហានិភ័យសុខភាព រួមគ្នាផ្លាស់ប្តូរទំនាក់ទំនងសេដ្ឋកិច្ចសកល ឈានទៅគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីសុខភាពពិភពលោក ការពង្រឹងនិងពង្រីកការយល់ដឹងពីទ្រព្យសាធារណៈសកលផ្នែកសុខភាព ជាពិសេសថ្នាំបង្ការក្នុង ស្ថានភាពអាសន្ននៃជំងឺរាតត្បាត ដើម្បីស្តារឡើងវិញនូវសមភាពចំពោះមុខការប្រឈមនឹងជំងឺ និងការពង្រឹងក្របខ័ណ្ឌនិយ័តកម្មសកលរឹងមាំជាងមុនប្រកបដោយភាពធន គឺជាកត្តាគន្លឹះដែលនាំឱ្យសម្រេចបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។
សម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោក ជាវេទិកាប្រចាំឆ្នាំ នៃមហាសន្និបាត ដែលប្រមូលផ្តុំដោយអាជ្ញាធរសុខាភិបាលទូទាំងពិភពលោក រួមទាំងរដ្ឋមន្ត្រីសុខាភិបាល មកពីរដ្ឋជាសមាជិកនៃ អង្គការសុខភាពពិភពលោកគ្រប់តំបន់ទាំងអស់ ដើម្បីចូលរួមផ្តល់មតិយោបល់កម្រិតសកលជូនអង្គការសុខភាព ពិភពលោក ដើម្បីឈានកសាងពិភពលោកមួយប្រកបដោយសុខុមាលភាព សមធម៌ កិច្ចសហប្រតិបត្តិការ និងបរិយាបន្ន ៕