ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញបើកសិក្ខាសាលាស្តីពី «ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព»
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព» ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។
សិក្ខាសាលានេះរៀបចំធ្វើឡើង ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរពីប្រភេទរថយន្តដឹកទំនិញ ទៅជាប្រភេទរថយន្តដឹកអ្នកដំណើរសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នៅកម្ពុជា។
គួរបញ្ជាក់ជូនដែរថា កន្លងមក ក្រសួងក៏បានរៀបចំសិក្ខាសាលាចំនួន ៥លើករួចមកហើយ ដើម្បីស្វែងរកយន្តការផ្លាស់ប្តូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាពជាងមុនត្រឹមឆ្នាំ២០២៧ ហើយថ្ងៃនេះក៏ជាលើកទី៦ ដែលក្រសួងបានរៀបចំសិក្ខាសាលានេះឡើង៕