អភិបាលខេត្តព្រះសីហនុ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនចូលរួមថែរក្សា និងអភិរក្សដើមក្ងោករបស់យើងឱ្យបានគង់វង្ស
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមដាំកូនក្ងោកចំនួន ៨៨៤ដើម ធ្វើការដាំដុះអមសងខាងផ្លូវជាតិលេខ៤ ចាប់ពីខាងមុខផ្លូវល្បឿនលឿនមកដល់រោងចក្រក្រោន ដែលសម្របសម្រួលដោយមន្ទីរកសិកម្មររុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាលក្រុងស្រុក ប្រធានមន្ទីរ អង្គភាព ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ អ.ម.ត និងសិក្សានុសិស្សមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេបអំពីសាវតា និងមូលហេតុ នៃការដាំដើមក្ងោក កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម គួច ចំរើន អញ្ជើញចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ ជាកងពលសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខេត្តព្រះសីហនុ។ បានចាត់តាំងមន្ទីរកសិកម្ម ខេត្តព្រះសីហនុ បេះផ្លែទុំ និងរើសយកមកបណ្តុះ ដើម្បីដាំតាមដងផ្លូវជាតិក្នុងក្រុងព្រះសីហនុ ក្នុងគោលបំណងបង្កើតសោភ័ណ្ឌភាពតាមដងផ្លូវ និងជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន រវាងរដ្ឋបាលខេត្តព្រះសីហនុ និងកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ។ មន្ត្រីបច្ចេកទេសមន្ទីរធ្វើការបណ្តុះដើមក្ងោកបានចំនួន ១២,៥០០ដើម មកទល់ពេលនេះមានរយៈពេល ១ឆ្នាំ កូនក្ងោកមានកំពស់ប្រមាណ ១ម៉ែត្រ ទៅ ១ម៉ែត្រកន្លះ គ្រោងយកទៅដាំតាមដងផ្លូវជាតិលេខ៤ ចាប់ពីចំណុចរង្វង់មូលនាគកងកេង មកទល់ច្រកចូលទី១ នៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ ចំនួន ១០,០០០ដើម។ ចំពោះកម្មវិធីថ្ងៃនេះ ដាំដើមក្ងោកចំនួន ៨៨៤ដើម ចាប់ពីច្រកចេញផ្លូវល្បឿនលឿន រហូតដល់រោងចក្រញូរស្តារ ហើយបន្ទាប់ពីចប់កម្មវិធីនេះទៅ មន្ត្រីបច្ចេកទេសនឹងបន្តដាំរហូតដល់សម្រេចតាមផែនការ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានបញ្ជាក់ថា ដោយការចុះសួរសុខទុកកងទ័ព គ្រួសារទ័ពកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ ជាកងពលសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខេត្តព្រះសីហនុ មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៣កន្លងមក ឃើញដើមក្ងោកចេញផ្កាមានភាពស្រស់ស្អាត ទើបឱ្យប្រធានមន្ទីរកសិកម្មរើសយកគ្រាប់មកធ្វើការបណ្តុះដាំដុះនៅខេត្តព្រះសីហនុ បណ្តុះបានរហូតដល់ ១២,៥០០ដើម ហើយអ្វីដែលយើងបានសុំមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ យកផ្លែក្ងោកមកបណ្តុះនាពេលនេះបានដុះល្អ។ ហើយយើងធ្វើការដាំដុះនៅកណ្តាលក្រុងព្រះសីហនុ របស់យើងការដាំដើមក្ងោកថ្ងៃនេះ ជានិមិត្តរូបនៃចំណងសម្ព័ន្ធមេត្រីភាពព្រះសីហនុ កងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តមមានជ័យ ហើយថ្ងៃនេះ ក៏មានតំណាងកងពលតូចអន្តរាគមន៍លេខ៤ បានចូលរួមក្នុងការដាំដុះ ក្នុងការទំនាក់ទំនងគ្នា ដែលជានិមិត្តរូប ហើយអ្នកឧកញ៉ា លោកឧកញ៉ាមួយចំនួនបានចូលរួមក្នុងព្រឹត្តការណ៍ជាមួយគ្នារហូតដល់ពេលដាំដុះកូនក្ងោកថ្ងៃនេះ ធ្វើឱ្យនិមិត្តរូបសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ និងកងពលតូចអន្តរាគមន៍លេខ៤កាន់តែមានភាពជិតស្និតជាមួយ និងខេត្តព្រះសីហនុ។ ហើយនេះជាអ្វីដែលយើងបានដំណើរការទាក់ទងនឹងដើមក្ងោកពីដើមឡើយមិនមែនជារុក្ខជាតិរបស់កម្ពុជាយើងនោះទេ ជារុក្ខាជាតិមួយដុះលូតលាស់ក្នុងតំបន់អាព្រិក តែនៅក្នុងតំបន់ត្រូពិកដូចគ្នា នៅជំនាន់សម័យបារាំង បារាំងធ្វើអាណានិគមនៅកម្ពុជា បារាំងក៏បានយកមកចែកចាយនៅតំបន់ឥណ្ឌូចិន បារាំងពង្រាយការដាំដុះនៅកម្ពុជា នៅខេត្តធំៗដូចរាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង និងកន្លែងសាធារណមួយចំនួន ឥឡូវក្ងោករីកសាយភាពពេញទូទាំងប្រទេស ហើយថ្ងៃនេះយើងយកពូជក្ងោកមកធ្វើការដាំដុះនៅខេត្តព្រះសីហនុ មកពីទីតាំង កងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តមមានជ័យ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ឈើដុះយើងរស់ ឈើល្អយើងមានបាន តែបើអ្នកកាប់ព្រៃឈើសូមឱ្យក្ររហេមរហាម គឺចង់បានការបំផុសគំនិតប្រជាពលរដ្ឋ និងសាធារណជនចំពោះអ្នកដាំដើមឈើ បើយើងបានចូលរួមដាំដើមឈើ គឺប្រាកដជាស្រឡាញ់ឈើ មិនអាចនាំគ្នាដាំដើមឈើ ចិញ្ចឹមសត្វ គឺស្រឡាញ់សត្វ យើងរួមគ្នាថែរក្សាដើមឈើមិនថាតែឈើយើងដាំ ឈើដុះដោយធម្មជាតិក៏យើងត្រូវចូលរួមថែទាំដូចគ្នាជាការបណ្តុះគំនិតមួយសម្រាប់យើងទាំងអស់គ្នារួមគ្នាស្រឡាញដើមឈើ ស្រឡាញ់ធម្មជាតិ ស្រឡាញ់បរិស្ថាន ដើម្បីជីវិត និងសុខភាពរបស់យើងទាំងអស់គ្នា។
ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនចូលរួមថែរក្សា ការពារ និងអភិរក្សដើមក្ងោករបស់យើងឱ្យបានគង់វង្ស ព្រោះដើមក្ងោកដែលដាំនាពេលនេះ គឺជាសម្បត្តិរបស់យើងទាំងអស់គ្នា ដើម្បីសោភណភាព បរិស្ថានល្អសម្រាប់ខេត្តព្រះសីហនុ ៕