ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញជួបប្រជុំ និងពិភាក្សាការងារទ្វេភាគី ជាមួយនាយិកាកម្មវិធីមហារីក នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ
ភ្នំពេញ៖ នៅក្រុងហ្សឺណែវ ប្រទេសស្វីសនាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងដំណើរបំពេញបេសកកម្មចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ ដោយឆ្លើយតបទៅនឹងកិច្ចអញ្ជើញ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត Lisa Stevens នាយិកកម្មវិធីមហារីក នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (International Atomic Energy Agency (IAEA)) និងក្រុមការងារ។
លោកស្រីវេជ្ជបណ្ឌិត Lisa Stevens នាយិកាកម្មវិធីមហារីក នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានជម្រាបជូនថា ក្រុមការងារបច្ចេកទេស របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានអញ្ជើញមកធ្វើការសិក្សាស្វែងយល់ និងផ្តល់ជូនការវាយតម្លៃអំពីសមត្ថភាពទាំងមធ្យោបាយ និងធនធានមនុស្ស និងសមត្ថភាពនៃការគ្រប់គ្រងជំងឺមហារីកនៅកម្ពុជាលើកទី២ កាលពីអំឡុងខែមីនា ឆ្នាំ២០២៣ ស្របពេលដែលវិស័យសុខាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសេវាសុខាភិបាលផ្នែកបង្ការ និងព្យាបាលជំងឺមហារីក ដែលកំពុងតែមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ដែលបានយកចិត្តទុកដាក់ជួយកម្ពុជា ពង្រឹងសមត្ថភាពកាន់តែប្រសើរឡើងក្នុងការព្យាបាលជំងឺមហារីក និងនុយក្លេអ៊ែរផ្នែកវេជ្ជសាស្ត្រ ព្រមទាំងបានចូលរួមចំណែកក្នុងការបង្កើតមជ្ឈមណ្ឌលជាតិជំងឺមហារីកដែលត្រូវបានសម្ពោធកាលពីខែមករាឆ្នាំ២០១៨កន្លងទៅ នៅមន្ទីរពេទ្យកាល់ម៉ែត។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើសុំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បន្តពិនិត្យអំពីសមត្ថភាព និងតម្រូវការចាំបាច់របស់កម្ពុជា ដើម្បីពង្រឹង និងពង្រីកសមត្ថភាពស្រាវជ្រាវធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកជូនប្រជាជនឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមការចង្អុលបង្ហាញ និងដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសបប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើសុំឱ្យ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ពិនិត្យ និងសម្រេចអនុម័តលើគម្រោងនានា ដែលក្រសួងសុខាភិបាលកម្ពុជា គ្រោងនឹងដាក់ស្នើទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ នាពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តមសាស្ត្រាចារ្យ ក៏បានអំពាវនាវ ដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ តាមរយៈទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ជួយគាំទ្រក្រសួងសុខាភិបាល ក្នុងការអភិវឌ្ឍ និងដំណើរការ មន្ទីរពេទ្យហ្លួងម៉ែ ដែលជាមន្ទីរពេទ្យជាតិឯកទេសផ្នែកជំងឺមហារីក ឱ្យមានសមត្ថភាពបច្ចេកទេសខ្ពស់ដូចបណ្តាប្រទេសជឿនលឿននានា៕