កម្ពុជាបើកការប្រកួតចម្រៀងជាពួកអន្តរជាតិលើកទីមួយ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៤
ភ្នំពេញ៖ ចាប់ពីថ្ងៃទី ២៩ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១ ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ INTERKULTUR ដែលជាស្ថាប័ននាំមុខគេលើពិភពលោកក្នុងព្រឹត្តិការណ៍ចម្រៀងជាពួកអន្តរជាតិ សហការជាមួយក្រុមហ៊ុន All Dreams Cambodia និងមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និងរដ្ឋបាលរាជធានីភ្នំពេញ។ ការប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១ បង្កើតឡើងដោយ INTERKULTUR ជាស្ថាប័នដ៏ល្បីល្បាញទូទាំងពិភពលោកដែលមានការចក្ខុវិស័យរបស់ខ្លួនក្នុងការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងគ្នាទៅវិញទៅមកតាមរយៈតន្ត្រី ហើយបានបង្រួបបង្រួមមនុស្សតាមរយៈភាសាតន្ត្រីនិងបានបណ្តុះបណ្តាល ជ័យលាភីក្រុមចម្រៀងជាង ១១,០០០ និងអ្នកចម្រៀង ៤៦០,០០០ នាក់ ។ ព្រឹត្តិការណ៍នេះបានបន្តសកម្មភាព ផ្តល់ជូននូវវេទិកាពិសេសសម្រាប់ការជួបជុំចម្រុះជាតិសាសន៍ និង ភាពស្រស់ស្អាតនៃការច្រៀងចម្រៀងជាពួក។
ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ដោយមានការចូលរួមពីក្រុមចម្រៀងចំនួន ៧ក្រុម និងអ្នកចូលរួមជាង ២00 នាក់មកពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងកម្ពុជា។
កម្មវិធីនេះបានចាប់ផ្ដើមសម្ភោធជាផ្លូវការនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលមហោស្រពចតុមុខ ក្រោមអធិបតី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។
ក្រោយពីការច្រៀងចម្រៀងភ្លេងជាតិខ្មែរ និងការសម្តែងរបាំបុរាណព្រះរាជទ្រព្យ ទេព មនោរម្យ លោកជំទាវ កែវ សុខពិសី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានមតិស្វាមគមន៍យ៉ាងកក់ក្តៅ ដល់អ្នកចូលរួមប្រមាណជាង៤០០នាក់។ ដូចគ្នានេះដែរ ឯកឧត្តម ជួប ប៉ារីស រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានមតិ និងបង្ហាញពីគោលបំណង នៃការប្រកូតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១នៅរាជធានីភ្នំពេញ ដើម្បីបង្កើនការរួមចំណែកកាត់បន្ថយនូវផលប៉ះពាល់បរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ។
ជាកិច្ចបន្ទាប់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកជាផ្លូវការនៃការប្រកួតជ្រើសរើសក្រុមចម្រៀងអន្តរជាតិភ្នំពេញលើកទី១ដើម្បីលើកស្ទួយវិស័យសិល្បៈវប្បធម៌ ទេសចរណ៍ និងបរិស្ថានរបស់ខ្លួនឱ្យកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។
កម្មវិធីនេះ រំពឹងលើ ៣ចំណុចសំខាន់ រួមមាន៖ ទី១ ការរៀបចំនេះនឹងបើកទ្វារឱ្យទេសចរមកទស្សនកិច្ចនៅកម្ពុជាកាន់តែច្រើន, ទី២ កម្មវិធីនេះ គឺជាកម្មវិធីអន្តរជាតិ ដូច្នេះអ្នកចូលរួមនៅពេលដែលត្រឡប់ទៅប្រទេសខ្លួនវិញពួកគេផ្សព្វផ្សាយពីកម្ពុជាដែរ និងចំណុចទី៣ គេរំពឹងថា បន្ទាប់ពីជោគជ័យលើការរៀបចំលើកទី១នេះហើយ នៅឆ្នាំ២០២៦ នឹងមានការរៀបចំជាលើកទី២ ហើយក៏មានការរៀបចំរៀងរាល់ ២ឆ្នាំម្តង និងកាន់តែធំជាងនេះទៀត។
បន្ទាប់ពីសុន្ទរកថាថ្លែងអំណរគុណពីលោក Johan Rooze នាយកសិល្បៈជាន់ខ្ពស់ និងជាតំណាងរបស់ស្ថាប័ន INTERKULTUR ក៏មានការសម្តែងរបស់ក្រុមចម្រៀងជាពួករបស់បេក្ខជន បេក្ខនារីជាតិ និងអន្តរជាតិជាច្រើនដែលបានចូលរួមនៅក្នុងការប្រកួតប្រជែងនេះ។ កម្មវិធីបន្ទាប់ គណៈអធិបតី ភ្ញៀវកិត្តិយស សិល្បករ សិល្បការិនីជាតិ និងភ្ញៀវអន្តរជាតិ ទទួលទានភេសជ្ជៈ និងអាហារសម្រន់ ជាកិច្ចបញ្ចប់នៃកម្មវិធី។
កម្មវិធីប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ ២០២៤នេះ រៀបចំឡើងនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) រហូតដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤។
ការប្រកួតប្រជែងនេះ បើកឲ្យចូលរួមទស្សនាដោយសេរី និង វាយតម្លៃដោយគណៈកម្មការជំនាញ ។ សិក្ខាសាលាចំនួនពីរដែលដឹកនាំដោយម្ចាស់បទ Peder Karlsson ដែលជាសហស្ថាបនិកនៃចលនាច្រៀងថ្មីនៃប្រទេសស៊ុយអែត នឹងផ្តល់ឱកាសសិក្សាដ៏មានតម្លៃសម្រាប់ តារាចម្រៀង និង ក្រុមចម្រៀងគ្រប់កម្រិតលើប្រធានបទសំខាន់ៗដូចជា ចង្វាក់ សំឡេង និងបច្ចេកទេសហាត់សមប្រកបដោយភាពច្នៃប្រឌិត។
ជារួមគ្នានេះដែរក្រុមចម្រៀងនឹងចូលរួមសម្តែងជាសាធារណៈក្នុងកម្មវិធី “ការប្រគុំតន្ត្រីមិត្តភាព” នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ថ្ងៃទី ៣០ និង ៣១ ខែឧសភា ឆ្នាំ២០២៤។
ការប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ ២០២៤នេះ នឹងបញ្ចប់នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងកម្មវិធីប្រគល់រង្វាន់ និងកម្មពិធីបិទនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ។
សូមធ្វើការចូលរួមអោយបានទាំងអស់គ្នា និងរីករាយជាមួយនឹងចម្រៀងរួមគ្នារបស់តារាចម្រៀងដែលមានទេពកោសល្យទាំងអស់នេះ៖
ការប្រគុំតន្ត្រីមិត្តភាពនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ៖
ថ្ងៃព្រហស្បតិ៍ ទី៣០ និង ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤ចាប់ពីម៉ោង ៧ ដល់ម៉ោង ៨យប់
ការប្រកួតប្រជែងនេះ បើកឲ្យចូលរួមទស្សនាដោយសេរីនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នាថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១១ ថ្ងៃត្រង់ រហូតដល់ម៉ោង ១២និង៣០នាទីរសៀល និង ចាប់ពីម៉ោង២រសៀល ដល់ម៉ោង ៤ល្ងាច នៅសាលប្រជុំ១ ។
ការប្រកួតយកជ័យលាភីឆ្នើម បើកឲ្យចូលរួមទស្សនាដោយសេរីនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នាថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១០និង៣០នាទី រហូតដល់ម៉ោង ១២ថ្ងៃត្រង់ នៅសាលប្រជុំ១ ៕