នាយឧត្តមសេនីយ៍ ទៀ សីហា និងអ្នកសម្របសម្រួល អ.ស.ប. ប្រចាំកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធកងកម្លាំងរក្សាសន្តិភាព ដែលពលីជីវិតក្នុងបុព្វហេតុបំពេញបេសកកម្មរក្សាសន្តិភាពរបស់UN
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ចូសិប ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួល អ.ស.ប. ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីគោរពវិញ្ញាណក្ខ័ន្ធកងកម្លាំងរក្សាសន្តិភាព ដែលបានពលីជីវិតក្នុងបុព្វហេតុបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) និងមានការចូលរួមពីអង្គទូតនានាប្រចាំនៅកម្ពុជាផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា ពិធីគោរពវិញ្ញាណកងកម្លាំងរក្សាសន្តិភាពពិភពលោក នេះ បានធ្វើឡើងស្របពេលដែល បណ្តាប្រទេសបរិច្ចាគកងកម្លាំងចូលរួមថែរក្សាសន្តិភាពលើពិភពលោក បាននាំគ្នាប្រារព្ធទិវាអន្តរជាតិ នៃអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ២៩ ឧសភា ២០២៤ ជាខួបលើកទី៧៦ ដើម្បីរំឭកដល់ការចូលរួមពីគ្រប់កងកម្លាំងយោធា នគរបាល និងបុគ្គលិកស៊ីវិលទាំងបុរស និងនារី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ហើយក៏ជាថ្ងៃប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ វិរៈយុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុចូលរួមស្វែងរកសន្តិភាព នៅតាមប្រទេសមានជម្លោះសង្គ្រាមតាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន។
ឯកឧត្តម ចូសិប ស៊ូអើ (Joseph Scheuer) បានថ្លែងដែរថា ចាប់តាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន មានអ្នកថែរក្សាសន្តិភាពជាបុរស និងស្ត្រី ប្រមាណជិត២លាននាក់ ចូលរួមប្រតិបត្តិថែរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រUN ក្នុងនោះមានយុទ្ធជន យុទ្ធនារី ថែរក្សាសន្តិភាពប្រមាណ ៤.៣៧៤នាក់ បានពលីជីវិតក្នុងបុព្វហេតុរក្សាសន្តិភាពនេះ ក្នុងនោះមានកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន១១នាក់ផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ជាខួបលើកទី៣២ ដែលUNបានបង្កើតបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ហៅកាត់ថាUNTAC ដើម្បីចូលរួមចំណែកជួយស្តារឡើងវិញនូវសុខសន្តិភាពជូនប្រទេសកម្ពុជាពីសង្គ្រាមហែកហួរក្នុងស្រុក និងការរៀបចំការបោះឆ្នោតជាលើកដំបូងនៅកម្ពុជា។
ក្នុងប្រតិបត្តិការបេសកកម្មរក្សាសន្តិភាររបស់UNTAC នៅកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បញ្ជាក់ថា ក្នុងអំឡុងឆ្នាំ១៩៩២-ឆ្នាំ១៩៩៣ មានកម្លាំងUNTAC ប្រមាណជាង ១៥.០០០នាក់ កម្លាំងនគរបាលស៊ីវិល ៣.០០០នាក់ បុគ្គលិកស៊ីវិល ៩០០នាក់ មកពីបណ្តាប្រទេស៤៥ បានមកបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ហើយមានកម្លាំងUNTAC ៨២នាក់ មកពីប្រទេសចំនួន ២៧ប្រទេស បានរងការពលីជីវិត។
ដោយឡែកសម្រាប់កម្ពុជាវិញ ក្នុងរយៈពេល១៨ឆ្នាំ កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពUN ចំនួន ៩.៥៦៣នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពចំនួន ១០ប្រទេស ខណៈក្នុងឆ្នាំ២០២៤ កម្ពុជាមានកម្លាំងមួកខៀវចំនួនជិត ៩០១នាក់ កំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាពUN នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន៖ ប្រទេសស៊ូដង់ខាងត្បូង, លីបង់, អាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី ៕