ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមវេទិកាសាកលកំណែទម្រង់រដ្ឋបាលសាធារណៈ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក
ភ្នំពេញ៖ ប្រតិភូក្រសួងមុខងារសាធារណៈ ដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញចូលរួមវេទិកាសាកលកំណែទម្រង់រដ្ឋបាលសាធារណៈ ស្តីពី« Transforming government for a livable planet» ដែលប្រព្រឹត្តទៅរយៈពេល២ ថ្ងៃ (ថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០២៤ ) នៅទីស្នាក់ការកណ្តាលធនាគារពិភពលោក នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
តាមរយៈវេទិកានេះ បានផ្តល់ឱកាសអោយថ្នាក់ដឹកនាំ និងអ្នកជំនាញមកពីបណ្តាប្រទេសនានា ក្នុងនោះរួមទាំងកម្ពុជាផងដែរ ក្នុងការផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ ព្រមទាំងការស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយនានាដែលប្រទេសនីមួយៗបានឆ្លងកាត់ លើការងារកែទម្រង់រដ្ឋបាលសាធារណៈ។
ក្នុងកិច្ចពិភាក្សាលើប្រធានបទពាក់ព័ន្ធនឹងការស្តារទំនុកចិត្តលើរដ្ឋបាលសាធារណៈ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានចែករំលែកពីស្ថានភាព និងបរិបទរួមនៃវិស័យមុខងារសាធារណៈនៅកម្ពុជា ដោយគូសបញ្ជាក់ពីការងារកែទម្រង់រដ្ឋសាធារណៈក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាពិសេសលើការពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដែលជាមូលដ្ឋានគ្រឹះមួយក្នុងការឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជូនដល់អង្គពិធី។
សូមជម្រាបជូនផងដែរថា វេទិកាសាកលកំណែទម្រង់រដ្ឋបាលសាធារណៈ ស្តីពី« Transforming government for a livable planet» មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ និងកំណែទម្រង់នៃបណ្តាប្រទេសនានា អ្នកជំនាញពីគ្រឹះស្ថានអប់រំ អង្គការសង្គមស៊ីវិល និងវិស័យឯកជន សរុបចំនួនជាង ២៥០នាក់។
ក្រៅពីការចូលរួមវេទិកានេះផងដែរ ប្រតិភូក្រសួងមុខងារសាធារណៈ នឹងបន្តជួបប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំធនាគារពិភពលោក ដើម្បីពិភាក្សាពីកិច្ចសហការនានាដែលបម្រើប្រយោជន៍ដល់ការជំរុញ និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា ៕