ឧត្តមសេនីយ៍ឯក ហែម ថា ទទួលស្វាគមន៍ដំណេីរទស្សនៈកិច្ចរបស់មេបញ្ជាការរង តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ នារសៀលថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ដំណេីរទស្សនៈកិច្ចរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង(JIA JIANCHENG) មេបញ្ជាការរង និងជានាយសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន និងគណៈប្រតិភូ នៅទីបញ្ជាការកងពលតូចលេខ៧០។
មេបញ្ជាការកងពល បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ដំណើរទស្សនៈកិច្ចរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង និងបានចូលរួមជាអធិបតីក្នុងពិធីបិទសមយុទ្ធនាគមាស-ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដោយចាត់ទុកដំណើរទស្សនកិច្ចនេះពិតជាបាននាំមកនូវការពង្រឹង និងពង្រីកទំនាក់ទំនងជាប្រពៃណី រវាងកងទ័ពប្រទេសទាំងពីរ។
ក្នុងនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង (JIA JIANCHENG)បានគូសបញ្ជាក់ថា ក្នុងបណ្ដាឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ បានកសាងសហគមន៍វាសនារួម ចិន-កម្ពុជា បានឈានដល់ដំណាក់កាលថ្មី ប្រកបដោយគុណភាពខ្ពស់និងស្តង់ដារខ្ពស់ និងកំពុងជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រទាំង ៦ វិស័យ មានជាអាទ៍ វិស័យនយោបាយ ផលិតភាព កសិកម្ម ថាមពល សន្តិសុខនិងមនុស្សសាស្ត្រ ឱ្យដើរមុនគេនៅលើសកលលោក។
ឧត្តមសេនីយ៍ឯក ហែម ថា បានថ្លែងអំណរគុណ និងជូនពរដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង(JIA JIANCHENG) មេបញ្ជាការរង និងជានាយសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន សូមទទួលបានជោគជ័យក្នុងដំណេីរទស្សនៈកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា និងពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡេីយ៕