ក្រសួងសាធារណការ៖ យានយន្តគ្រប់ប្រភេទ មិនត្រូវបើកបរបញ្ច្រាសទិសចរាចរណ៍នៅលើផ្លូវល្បឿនលឿនជាដាច់ខាត
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបានជ្រាបថា នៅគ្រប់ស្ថានភាពផ្លូវ ជាពិសេសផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទបើកបរបញ្ច្រាសទិសចរាចរណ៍ឡើយ។
សូមបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែកទិសចរាចរណ៍ និងមានគន្លងច្បាស់លាស់ និងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ និងបត់ត្រលប់ក្រោយឡើយ។ ក្នុងករណីបត់ត្រឡប់ក្រោយលើផ្លូវល្បឿនលឿន ដាច់ខាតអ្នកបើកបរត្រូវប្រើប្រាស់ច្រកចេញ-ចូល តាមស្ថានីយទាំង៨ទីតាំង ដើម្បីបត់ត្រឡប់ក្រោយ។
ទន្ទឹមនឹងនេះ ក្រសួងសំណូមពរយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីសុវត្ថិភាពពេលធ្វើដំណើរ និងរក្សាបានសណ្តាប់ធ្នាប់ក្នុងទីសាធារណៈ៕