ក្រសួងអប់រំ សហការជាមួយក្រុមហ៊ុន សប្បាយកូដ ផ្តល់វគ្គសិក្សាកុំព្យូទ័រក្រៅម៉ោងផ្នែករ៉ូបូទិក និង Web Developer
ភ្នំពេញ៖ កម្មវិធីសិក្សាកុំព្យូទ័រក្រៅម៉ោងផ្នែករ៉ូបូទិក និង Web Developer ត្រូវបានបើកដំណើរការជូនដល់សិស្សានុសិស្សថ្នាក់ទី៧ តាមរយៈកិច្ចសហការរវាងនាយកដ្ឋានបច្ចេកវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា ជាមួយក្រុមហ៊ុនសប្បាយកូដ ឯ.ក ដើម្បីជំរុញការសិក្សាមុខវិជ្ជាឌីជីថល និងដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា។
ការផ្តល់កម្មវិធីសិក្សាកុំព្យូទ័រផ្នែករ៉ូបូទិក ដើម្បីលើកទឹកចិត្តសិស្សានុសិស្សចាប់អារម្មណ៍ផ្នែកបច្ចេកវិទ្យាឌីជីថល ស្របតាមកំណែទម្រង់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញលើការអប់រំបច្ចេកវិទ្យាឌីជីថលនៅតាមសាលារៀន និងអនុវត្តតាមវិធានការណ៍គន្លឹះដាក់ចេញដោយ សម្តេចមហាបវរធីបតី ហ៊ុន ណែត ដែលជំរុញការលើកកម្ពស់កម្មវិធីសិក្សាក្រៅម៉ោងសិក្សា។
វគ្គសិក្សានេះ ទទួលបានការសម្របសម្រួលពីគណៈគ្រប់គ្រងសាលា តាមរយៈការផ្ដល់បន្ទប់កុំព្យូទ័រ សម្រាប់សិស្សានុសិស្ស ព្រមទាំងមានការសម្របសម្រួលពីមន្ត្រីជំនាញនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។ ដោយឡែកក្រុមហ៊ុនសប្បាយកូដ ឯ.ក បានបញ្ជូនគ្រូដែលមានសមត្ថភាពមកបណ្ដុះបណ្ដាលសិស្ស រួមជាមួយធនធានចាំបាច់ដូចជាឧបករណ៍ឌីជីថលសម្រាប់សិក្សាកម្មវិធីរ៉ូបូទិក៕