លោកស្រី Nikki Haley អតីតបេក្ខជនប្រធានាធិបតីអាមេរិកសរសេរពាក្យ «បង្ហើយពួកវាទៅ» លើគ្រាប់កាំភ្លើងធំអ៊ីស្រាអែល
វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា អតីតបេក្ខជនប្រធានាធិបតីអាមេរិកខាងគណបក្សសាធារណរដ្ឋ លោកស្រី Nikki Haley បានចារពាក្យ «បង្ហើយពួកវាទៅ!» នៅលើគ្រាប់កាំភ្លើងធំ មួយគ្រាប់របស់អ៉ីស្រាអែល អំឡុងធ្វើទស្សនកិច្ចនៅអ៉ីស្រាអែលកាលពីពេលថ្មីៗនេះ ខណៈអ៉ីស្រាអែលកំពុងបន្តធ្វើសង្រ្គាមក្នុងតំបន់ហ្កាហ្សាដែលសម្លាប់មនុស្សជាង ៣៦ ០០០នាក់ហើយ ក្នុងរយៈពេលជាង៨ខែមកនេះ។
រូបភាពដែលលោកស្រី Nikki Haley អង្គុយនៅខាងមុខគ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ ត្រូវបានចែករំលែក (shared) នៅលើបណ្ដាញទំនាក់ទំនងសង្គមដោយលោក Danny Danon ជាអ្នកនយោបាយអ៉ីស្រាអែលម្នាក់ និងជាអតីតឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ។ រីឯរូបទី២ ដែលអ្នកនយោបាយអ៉ីស្រាអែលរូបនេះបាន ចែករំលែកបានបង្ហាញពីលោកស្រី Haley បានសរសេរពាក្យ «បង្ហើយពួកវាទៅ!» នៅលើគ្រាប់កាំភ្លើងធំមួយគ្រាប់របស់អ៉ីស្រាអែល។ អាមេរិកស្រឡាញ់ អ៉ីស្រាអែលជានិច្ច» (Finish them – America HEART Israel, Always)។
ក្រោយការចែករំលែករូបភាពទាំងនេះ លោកស្រី Haley បានទទួលរងការរិះគន់ពីសំណាក់ក្រុមអង្គការការពារសិទ្ធិមនុស្ស។ «សង្រ្គាមមិនមែនជាកន្លែងទាក់ទាញ ចំណាប់អារម្មណ៍នោះទេ។ សង្រ្គាមមានច្បាប់ទម្លាប់។ ជនស៊ីវិលត្រូវតែស្ថិតនៅក្រោមការគាំពារ»។ នេះជាការគូសបញ្ជាក់របស់អង្គការលើកលែងទោសអន្តរជាតិ Amnesty International នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធសប្ដាហ៍សប្ដាហ៍នេ ជាបញ្ចេញប្រតិកម្មទៅនឹងទង្វើរបស់លោកស្រី Haley។
គួរបញ្ជាក់ថា ប្រតិបត្តិការវាយលុករបស់អ៉ីស្រាអែលលើទីក្រុង Rafah នៃតំបន់ហ្កាហ្សា បានទទួលរងការថ្កោលទោសយ៉ាងខ្លាំង ហើយសូម្បីតែតុលាការ ICJ ក៏បាន ចេញបង្គាប់ឱ្យអ៉ីស្រាអែលបញ្ឈប់ការវាយប្រហារលើទីក្រុងនេះដែរ។ ប៉ុន្តែ អ៉ីស្រាអែលមិនស្ដាប់ការអំពាវនាវអ្វីទាំងអស់ដោយនៅតែបន្តការវាយប្រហាររបស់ខ្លួន ក្នុង នោះរួមមានទាំងការទម្លាក់គ្រាប់បែកលើជំរំជនភៀសខ្លួនប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដោយបានសម្លាប់មនុស្ស ៤៥នាក់ មានទាំងអ្នកត្រូវភ្លើងឆេះ ទាំងរស់រហូតដល់ស្លាប់យ៉ាងអាណោចអធមទៀតផង៕