អភិបាលខេត្តព្រះសីហនុ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី ដែលត្រូវជាបងស្រីបង្កេីតរបស់សម្តេចចៅហ្វាយវាំង គង់ សំអុល
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ម៉ាលី ដែលត្រូវជាបងស្រីបង្កេីតរបស់សម្តេចចៅហ្វាយវាំង វរវៀងជ័យ អធិបតីស្រីង្ការ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ បានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ។
មរណភាពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី គឺជាការបាត់បង់ដ៏ធំធេងនូវបងស្រី អ្នកម្តាយ អ្នកម្តាយក្មេក ជីដូន ជីដូនទួត ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រឡាញ់របស់សម្ដេច និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលពេញមួយជីវិតរបស់ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី បានបូជាកម្លាំងកាយ ចិត្ត បញ្ញា ក្នុងការចិញ្ចឹមបីបាច់ថែរក្សា អប់រំ ទូន្មាន បុត្រធីតា និងចៅៗ ឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយកិរិយាមារយាទល្អ សីលធម៌ និងគុណធម៌ សម្រាប់សង្គមជាតិ ព្រមទាំងជាការបាត់បងនូវពុទ្ធសាសនិកដ៏ល្អឆ្នើមមួយរូប ដែលមានសទ្ធាជ្រះថ្លាក្នុងការរួមចំណែកកសាង លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។
ឯកឧត្តម គួច ចំរើន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃរដ្ឋបាលខេត្តព្រះសីហនុ សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យបំផុតជាមួយសម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គា និងក្រុមគ្រួសារសព និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕