សម្តេចធិបតី ប្រកាសអនុគ្រោះការបង់ពន្ធមួយរយៈចំពោះវណ្ណកម្មទាំងឡាយដែលត្រូវបង្កើតឡើងដោយសមាគមសិល្បករខ្មែរ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រកាសអនុគ្រោះការបង់ពន្ធមួយរយៈ ចំពោះវណ្ណកម្មទាំងឡាយដែលត្រូវបង្កើតឡើងដោយសមាគមសិល្បករខ្មែរ តាមការស្នើស៉ំអនុគ្រោះពីសមាគមសិល្បករខ្មែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី “អ្នកស្នងមរតក” ក្រោមពាក្យស្លោក រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ។ សូមជម្រាបថា តាមរយៈការថ្លែងស្នើស៉ំរបស់អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គឺបានថ្លែងគោរពសូមស្នើ សម្តេចធិបតី នាយករដ្ឋមន្ត្រី មេត្តាពិចារណា នូវការអនុគ្រោះការបង់ពន្ធមួយរយៈ ចំពោះវណ្ណកម្មទាំងឡាយដែលត្រូវបង្កើតឡើងដោយសមាគមសិល្បករខ្មែរ ដើម្បីធានានិរន្តរភាពសមាគមឱ្យមានលទ្ធភាពបង្កើតសកម្មភាពនានាក្នុងការលើកកម្ពស់សិល្បៈវប្បធម៌ ខ្មែរ។ ទន្ទឹមនឹងការគាំទ្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សម្តេចក៏បានប្រកាសជួយឧបត្ថមគាំទ្រថវិការ ចំនួន១០ម៉ឺនដុល្លាក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ៕