Google នឹងវិនិយោគ២ពាន់លានដុល្លារក្នុងប្រទេសម៉ាឡេសុី
គូឡាឡាំពួរ៖ ក្រុមហ៊ុន Google នឹងវិនិយោគទឹកប្រាក់ចំនួន ២ពាន់លានដុល្លារនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួន និងតំបន់ Google Cloud នៅក្នុងប្រទេសនេះ។ ការណ៍នេះជារលកសញ្ញានៃការពង្រីកក្រុមហ៊ុនបច្ចេកវិទ្យាសកលចូលទៅក្នុងអាស៊ីអាគ្នេយ៍។
រាជរដ្ឋាភិបាលម៉ាឡេស៊ីបានអះអាងថា ការវិនិយោគនេះនឹងជំរុញមហិច្ឆតាឌីជីថលរបស់ប្រទេសម៉ាឡេស៊ី ហើយសមត្ថភាពបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាទំនើបផ្សេងទៀតនឹងជួយឧស្សាហកម្មក្នុងស្រុកឆ្ពោះទៅរកខ្សែចង្វាក់តម្លៃសកល។ ជាមួយនឹងប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យាចំនួន ៦៧០លាននាក់ អាស៊ីអាគ្នេយ៍បាននឹងកំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនមហិមាពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមានទាំងក្រុមហ៊ុន Microsoft ផងដែរ។
ក្រុមហ៊ុន Google បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មជ្ឈមណ្ឌលទិន្នន័យ និងតំបន់Google Cloud នឹងមានទីតាំងនៅ Sime Darby Property’s នៃប្រទេសម៉ាឡេស៊ី។ មជ្ឈមណ្ឌលទិន្នន័យនឹងផ្តល់អំណាចដល់សេវាកម្មរួមមាន៖ ការរុករក ផែនទី និងកន្លែងធ្វើការ ហើយនឹងជួយផ្តល់សេវា AI ខណៈដែលមជ្ឈមណ្ឌល Google Cloud នឹងផ្តល់សេវាកម្មដល់ក្រុមហ៊ុនក្នុងស្រុក និងអង្គការផ្នែកសាធារណៈ។ ជុំវិញរឿងរ៉ាវនេះ លោកស្រី រុទ្ធ ប៉ូរ៉ាត់ (Ruth Porat) ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Google បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ម៉ាឡេស៊ី និង Google កំពុងសហការគ្នាក្នុងការជំរុញការងាររួមគ្នារបស់យើង ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីគាំទ្រសម្រាប់ការច្នៃប្រឌិត និងដោះសោសក្តានុពលនៃការផ្លាស់ប្ដូរឌីជីថល»។
ទន្ទឹមគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀតក៏បានប្រកាសអំពីការវិនិយោគដ៏ធំនៅក្នុងតំបន់ផងដែរ ខណៈនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក សត្យា ណាដេលឡា (Satya Nadella) បានប្រកាសពីការវិនិយោគលើសេវាកម្ម Cloud ដែលមានតម្លៃ ២,២ពាន់លានដុល្លារក្នុងប្រទេសម៉ាឡេស៊ី និង ១,៧ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូណេស៊ី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់តំបន់នាពេលថ្មីៗនេះ។ ដោយឡែក ក្រុមហ៊ុន Amazon បានប្រកាសពីគម្រោងវិនិយោគ ៩ពាន់លានដុល្លារនៅសិង្ហបុរី, ៥ ពាន់លានដុល្លារនៅថៃ, និង ៦ពាន់លានដុល្លារនៅម៉ាឡេស៊ី។