សម្ដេចធិបតី ហ៊ុន ម៉ាណែត រំលឹកដល់គ្រប់សិល្បករ ត្រូវប្រុងប្រយ័ត្នខ្ពស់ចៀសវាង នូវការផលិត ការបង្កើតមាតិកា ដែលសម្ដែងទាំងឡាយណា មានចរិកមិនល្អសម្រាប់សង្គមជាតិ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកដល់គ្រប់សិល្បករទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចៀសវាងនូវការផលិតមាតិកា ឬការសម្ដែងទាំងឡាយណា ដែលមានចរិកមិនល្អសម្រាប់សង្គមជាតិ ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក» នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នៅក្នុងបរិកា នៃបដិវត្តន៍ឌីជីថល ការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿន និងកាន់តែពិបាក ខ្ញុំសូមរំលឹកដល់គ្រប់សិល្បករ ត្រូវមានប្រុងប្រយ័ត្នខ្ពស់ចៀសវាង នូវការផលិត ការបង្កើតមាតិកាដែលសម្ដែងទាំងឡាយណា ដែលមានចរិកមិនល្អសម្រាប់សង្គមជាតិ ឬសមធម៌ជាតិរបស់យើង»។
ពាក់ព័ន្ធការបង្កើតស្នាដៃថ្មី និងការតែងនិពន្ធ ក្រៅពីការគិតគូរដល់ភាពប្លែក ថ្មី សប្បាយ និងការទាក់ទាញដើម្បីឲ្យមានអ្នកចាប់អារម្មណ៍ និងការគាំទ្រ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានស្នើឲ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការបញ្ចូសារអប់រំ និងលើកស្ទួយសីលធម៌សង្គម តម្លៃគ្រួសារខ្មែរ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចៈធម៌ គុណធម៌ និងមិនលួចចម្លង ក្នុងទិសដៅដម្កល់ស្នាដៃដែលបានបង្កើតជាគំរូ និងកេរ្ដិ៍ដំណែលសម្រាប់ ជនជំនាន់ក្រោយ។
សម្ដេចធិបតី អះអាងថា តាមរយៈស្នាដៃ និងទេពកោសល្យរបស់របស់សិល្បករខ្មែរ បានក្លាយជាស្ពាននាំកម្ពុជាទៅ កាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធ និងចំណេះដឹង នៃប្រវត្តិសាស្ត្រជាតិកម្ពុជា, ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និង ការគោរពគ្នាទៅវិញទៅមក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មើលឃើញថា តួនាទីសិល្បករ សិល្បការនី កាន់តែមានសារ:សំខាន់, សិល្បករមួយរូបៗសុទ្ធតែអាចជាទូតសុឆន្ទៈ តំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ និងអាចឆក់យកឱកាសទាំងអស់នេះ បំផុសឲ្យកាន់តែខ្ពស់ឡើង នូវអត្តសញ្ញាណជាតិ, ភាពរុងរឿងសាជាថ្មី និងក្តីស្រឡាញ់ការពារវប្បធម៌ជាតិ ឲ្យកាន់តែខ្លាំងក្លាឡើង៕