ក្រសួងបរិស្ថាន ខិតខំប្រឹងប្រែងឱ្យមានការធានាសុវត្ថិភាពការងារ ក្នុងបរិបទការប្រែប្រួលអាកាសធាតុសម្រាប់កម្មករ កសិករជាស្រ្តី ក្នុងវិស័យកសិកម្មស្បៀងអាហារ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា គ្មានមន្រ្តីក្រសួងបរិស្ថានណាម្នាក់គេងលក់ស្រួលឡើយ ខណៈដែលប្រជាពលរដ្ឋក្រីក្រ ជាពិសេសស្រ្តីមេម៉ាយដែលជាជនងាយរងគ្រោះនៅតាមតំបន់ការពារធម្មជាតិទទួលរងហានិភ័យបណ្តាលមកពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើផលដំណាំរបស់ពួកគេ។ ឯកឧត្តមយល់ច្បាស់អំពីបញ្ហានេះ ក៏ព្រោះថា លោកធ្លាប់ឆ្លងកាត់ជិវិតជាកូនកំព្រាឪពុក ក្រីក្រ និងមានម្តាយជាស្រ្តីមេម៉ាយជាអ្នករកចំណូលទ្រទ្រង់ជីវភាព ហើយត្រូវបានចោរលួចប្រាក់អស់ទៀត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានទទូច និងស្នើឱ្យមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ ដែលមានទាំងស្ថាប័នរដ្ឋ និងអង្គការដៃគូអន្តរជាតិ រួមទាំងវិស័យឯកជនទាំងអស់ ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងការទ្រទ្រង់ជីវភាព ហើយចាំបាច់ត្រូវតែធ្វើឱ្យប្រជាសហគមន៍ កសិករក្រីក្រមានភាពឯករាជ្យ និងម្ចាស់ការ។ ក្នុងន័យនេះ គ្រប់គម្រោងអភិវឌ្ឍទាំងអស់ត្រូវតែបង្រៀនឱ្យប្រជាពលរដ្ឋចេះរស់ ចេះរកលុយបានដោយខ្លួនឯង កុំឱ្យពួកគេរស់ដោយសារការសុំជំនួយពីអ្នកដទៃ ជាក់ស្តែងក្នុងរយៈពេលជាង ២៨០ថ្ងៃរបស់ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមបានដាក់ចេញនូវគម្រោងគោលដៅលំហែបៃតង នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលគម្រោងនេះ ក្រសួងបរិស្ថានបានសាង់សង់កន្លែងលំហែកម្សាន្ត ដែលមានចរិតលក្ខណៈ និងរចនាបថជាខ្មែរ នៅក្នុងសហគមន៍មូលដ្នានតំបន់ការពារធម្មជាតិ ដើម្បីឱ្យប្រជាសហគមន៍អាចរកប្រាក់ចំណូលបាន និងកែប្រែមុខរបរពួកគេពីការចូលព្រៃកាប់ឈើ បាញ់សត្វ រកអនុផលព្រៃឈើ មកជាការផ្តល់សេវាកម្មទេសចរណ៍ ផលិតផលកសិកម្មវិញ។
នេះគឺជាភាពជោគជ័យ និងនិរន្តភាពនៃគម្រោងអភិវឌ្ឍ ដែលបានបង្រៀនប្រជាពលរដ្ឋឱ្យចេះពីរបៀបរកត្រី និងរក្សាត្រីឱ្យកើត តពូនសម្រាប់ទ្រទ្រង់ជីវភាព មិនមែនយកតែត្រីឱ្យនោះទេ។
ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ ធ្វើឡើងនៅក្នុងវេទិកាថ្នាក់ជាតិស្តីពី ការធានាសុវត្ថិភាពការងារ ក្នុងបរិបទការប្រែប្រួលអាកាសធាតុសម្រាប់កម្មករ កសិករជាស្រ្តី ក្នុងវិស័យកសិកម្មស្បៀងអាហារ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំនៃសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ៕