ទិវាកុមារអន្តរជាតិ ១មិថុនា! សម្ដេចតេជោ ហ៊ុន សែន សូមកុមារកម្ពុជាទទួលបានភាពសុខសាន្ត និងការបីបាច់ថែក្សា ដោយក្តីអាណិតស្រលាញ់គ្រប់ៗគ្នា
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤! សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា «សូមកុមារកម្ពុជាទទួលបានភាពសុខសាន្ត និងការបីបាច់ថែក្សា ដោយក្តីអាណិតស្រលាញ់គ្រប់ៗគ្នា» ។
សូមបញ្ជាក់ថា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នេះ ជាថ្ងៃខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ដែលប្រទេសនានានៅជុំវិញពិភពលោក ប្រារព្ធទិវានេះ ដើម្បីជំរុញដល់ការអនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហិង្សាលើកុមារ រួមទាំងចូលរួមបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅជុំវិញពិភពលោក និយាយជារួម និងនិយាយដោយឡែកកុមារនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ ការប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា នេះឡើង ក៏ដើម្បីរំលឹកដល់សោកនាដកម្ម នៃការកាប់សម្លាប់ស្ត្រីនិងកុមារ របស់ពួកហ្វាសស៊ីសអ៊ីត្លែរ នៅប្រទេសឆេក និងប្រទេសបារាំង ចន្លោះឆ្នាំ១៩៤២-១៩៤៤ ពោលគឺនៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ បច្ចុប្បន្ននេះនៅផ្នែកខ្លះនៃពិភពលោក ពិសេសនៅបណ្តាប្រទេសដែលមានជម្លោះប្រដាប់អាវុធ តំបន់ដែលមានសង្គ្រាម មានកុមាររាប់សិបម៉ឺននាក់ បាននិងកំពុងក្លាយជាជនរងគ្រោះ ដោយមានទាំងត្រូវបាត់បង់ជីវិត របួស ពិការ ជួបគ្រោះអត់ឃ្លាន និងបាត់បង់ឱកាសនៃការសិក្សាអប់រំ ជាដើម។
ប្រធានបទទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤ នេះ គឺ “ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល”។ តាមរយៈប្រធានបទដ៏មានសារៈសំខាន់នេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កិច្ចការពារ និងរក្សាឧត្តមប្រយោជន៍របស់កុមារ ព្រោះថា កុមារគឺជាធនធាន ដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ៕