រុស្ស៉ី ដណ្តើមបានទឹកដីសរុប ៨៨០គីឡូម៉ែត្រក្រឡា នៅអ៊ុយក្រែន ក្នុងឆ្នាំ២០២៤នេះ
មូស្គូ៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Andrei Belousov នៅថ្ងៃសុក្រនេះ បាននិយាយថា កងកម្លាំងរុស្ស៉ីកំពុងមានភាពរីកចម្រើន នៅគ្រប់សមរភូមិមុខទាំងអស់ នៅអ៊ុយក្រែន ហើយក្នុងឆ្នាំ២០២៤នេះ វាយយកទឹកដីបានសរុបប្រមាណ ៨៨០គីឡូម៉ែត្រក្រឡាថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤។
ប្រសិនបើពិតដូចការអះអាងមែននោះ រុស្ស៉ីក្នុងរយៈពេល៥ខែមកនេះ គឺទទួលជោគជ័យនៅលើសមរភូមិ ធំជាងកាលពីពេញមួយឆ្នាំ២០២៣ ទៅទៀត ជាពេលដែល ខ្សែបន្ទាត់តាមសមរភូមិមុខ ភាគច្រើនគឺនៅជាប់គាំងដោយគ្មានការប្រែប្រួលខ្លាំងឡើយ បើទោះបីកងកម្លាំងរបស់អ៊ុយក្រែន បានបើកប្រតិបត្តិការវាយបកទ្រង់ទ្រាយធំ នារដូវក្តៅក៏ដោយ។
បើតាមលោក Belousov រុស្ស៉ីក៏បានរុញច្រានអ៊ុយក្រែន ឱ្យដកថយចម្ងាយប្រហែល៨-៩គីឡូម៉ែត្រផងដែរ នៅឯតំបន់ Kharkiv ភាគឦសាន ជាទីដែលខ្លួនបានបើកការវាយលុកក្នុងទ្រង់ទ្រាយធំ កាលពីថ្ងៃទី១០ ខែឧសភា។
គួរបញ្ជាក់ថា អ៊ុយក្រែនបានស្ថិតក្រោមសម្ពាធយ៉ាងតានតឹង ចាប់តាំងពីរុស្ស៉ីបានធ្វើប្រតិបត្តិការវាយលុក នៅ Kharkiv មក ដោយខិតខំស្ទុះស្ទាចល័តកម្លាំងជំនួយ ទៅកាន់តំបន់នោះ ប៉ុន្តែទន្ទឹមគ្នាត្រូវបង្ខំចិត្តដកថយ នៅតាមតំបន់សមរភូមិមុខដទៃទៀត។ មិនតែប៉ុណ្ណោះ ទីក្រុងកៀវ ក៏កំពុងប្រឈមផងដែរ នូវការខ្វះខ្វាតជាខ្លាំង នៃគ្រាប់សម្រាប់សព្វាវុធ ទោះសម្ព័ន្ធមិត្តធំបំផុតរបស់ខ្លួន គឺទីក្រុងវ៉ាស៉ីនតោន បានអនុម័តថវិកាជំនួយថ្មីទំហំជាង ៦០ពាន់លានដុល្លារ កាលពីខែមុនក៏ដោយ៕