កម្ពុជាអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយបរិយាបន្ន សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសុខភាពជាសកល
ភ្នំពេញ៖ ថ្លែងក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយបរិយាបន្ន សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបបានទៅនឹងបញ្ហាប្រឈមសុខភាពជាសកល។
ការអញ្ជើញថ្លែងសុន្ទុកថារបស់ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសតបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសុខាភិបាល ចូលរួមក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណដល់អង្គការសុខភាពពិភពលោក និងគ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបាននិងកំពុងចូលរួមគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា រហូតសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍នាពេលកន្លងមក។ ចំពោះមុខទំហំនៃកិច្ចការរួម ជាពិសេសរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព «កម្ពុជាបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយបរិយាបន្ន សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបបានទៅនឹងបញ្ហាប្រឈមសុខភាពជាសកល»។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ការដែលយើងធ្វើសកលភាវូបនីយកម្មពាណិជ្ជកម្មជាការចាំបាច់ បន្ថែមពីនោះសកលភាវូបនីយកម្មសុខាភិបាលរិតតែមានសារៈសំខាន់ ព្រោះថាការចែករំលែកព័ត៌មានទិន្នន័យ ចំណេះដឹងផ្នែកសុខភាព ព្រមទាំងធនធាន យុទ្ធវិធីក្នុងដំណោះស្រាយបញ្ហាសុខភាព និងការព្យាបាល ជាពិសេសនវានុវត្តន៍ផ្នែកសុខភាពប្រកបដោយសមធម៌ គឺជាកត្តាកំណត់ប្រសិទ្ធភាពខ្ពស់ក្នុងកាសម្រេចបានជោគជ័យរួមជាសាកល»។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើសាមគ្គីភាព លើភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចខិតខំជួយពង្រឹងសន្តិសុខ និងស្វ័យភាពសុខភាពនៃរដ្ឋជាសមាជិក។ ដូច្នេះការចូលរួមនៃរដ្ឋសមាជិក ក្នុងកិច្ចការខិតខំប្រឹងប្រែងរួមគ្នាកសាងពិភពលោកមួយ ប្រកបដោយសមធម៌ មានសមត្ថភាពប្រឈមមុខនឹងហានិភ័យសុខភាព រួមគ្នាផ្លាស់ប្តូរទំនាក់ទំនងសេដ្ឋកិច្ចសកល ឈានទៅគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីសុខភាពពិភពលោក ការពង្រឹងនិងពង្រីកការយល់ដឹងពីទ្រព្យសាធារណៈសកលផ្នែកសុខភាព ជាពិសេសថ្នាំបង្ការក្នុងស្ថានភាពអាសន្ននៃជំងឺរាតត្បាត ដើម្បីស្ដារឡើងវិញនូវសមភាពចំពោះមុខការប្រឈមនឹងជំងឺ និងការពង្រឹងក្របខ័ណ្ឌនិយ័តកម្មសកលរឹងមាំជាងមុន ប្រកបដោយភាពធន គឺជាកត្តាគន្លឹះដែលនាំឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។
គួរបញ្ជាក់ថា សម័យប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោក ជាវេទិកាប្រចាំឆ្នាំ នៃមហាសន្និបាត ដែលប្រមូលផ្ដុំដោយអាជ្ញាធរសុខាភិបាលទូទាំងពិភពលោក រួមទាំងរដ្ឋមន្ត្រីសុខាភិបាល មកពីរដ្ឋជាសមាជិកអង្គការសុខភាពពិភពលោកគ្រប់តំបន់ទាំងអស់ ដើម្បីចូលរួមផ្តល់មតិយោបល់កម្រិតសកល ជូនអង្គការសុខភាពពិភពលោក ដើម្បីឈានកសាងពិភពលោកមួយប្រកបដោយសុខុមាលភាព សមធម៌ កិច្ចសហប្រតិបត្តិការ ៕