សមត្ថកិច្ចបង្ក្រាបទីតាំងផលិតកែច្នៃគ្រឿងញៀន ឃាត់ខ្លួនឧក្រិដ្ឋជន៤នាក់ រឹបអូសថ្នាំញៀន និងសារធាតុគីមីផ្សំជិត៤០០គីឡូក្រាម
ភ្នំពេញ៖ កងកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចុះបង្ក្រាបក្រុមឧក្រិដ្ឋជនចំនួន៤នាក់ ពាក់ព័ន្ធករណីលួចលាក់ផលិតកែច្នៃគ្រឿងញៀន នៅទីតាំងចំនួន២ផ្សេងគ្នា ពោលគឺនៅចំណុចផ្ទះវីឡាក្រុងតាខ្មៅ ខេត្តកណ្ដាល និងនៅខុនដូរមួយកន្លែងទៀត ស្ថិតនៅខណ្ឌជ្រោយចង្វា។
បើតាមឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើពេលស៊ើបអង្កេត និងស្រាវជ្រាវជិត១ខែ ដើម្បីឈានដល់ការចុះបង្រ្កាបក្រុមឧក្រិដ្ឋជនគ្រឿងញៀនទាំង៤នាក់ដែលជាជនជាតិខ្មែរ ព្រមទាំងសារធាតុគីមីផ្សំគ្រប់ប្រភេទប្រមាណជាង៣០០គីឡូក្រាម និងគ្រឿងញៀនផលិតបានសម្រេចប្រមាណជាង១៥គីឡូក្រាម និងសម្ភារមួយចំនួនធំបន្ថែមទៀត។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕