កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានបន្តការថែទាំដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបាន កៀរកិន បង្ហាប់ ស្រោចទឹក ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលអនុវត្តន៍ការងារថែទាំជាប្រចាំ (ខួប) ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ។ ស្ថានភាព នៃការធ្វើដំណើរលើកំណាត់ផ្លូវនេះ គឺមានសភាពមមាញឹកជាធម្មតា ទាំងរថយន្តតូច រថយន្តធំ និងទោចក្រយានយន្ត ដែលប្រើប្រាស់ថេរវេលារង្វង់ជាង ២០-៣០នាទីលើចម្ងាយផ្លូវជាង ២០គីឡូម៉ែត្រនេះ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែយកចិត្តទុកដាក់ខ្ពស់ និងបានចង្អុលបង្ហាញដល់អង្គភាពពាក់ព័ន្ធ បន្តថែទាំក្នុងឆ្នាំ២០២៤នេះ មុននឹងឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។
សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ប្រវែងជាង ២០គីឡូម៉ែត្រ ជាប្រភេទដីស្អុយ បៀមទឹកខ្លាំង ដែលមានជម្រៅជ្រៅជាង ១0ម៉ែត្រ។ ដើម្បីឱ្យការស្ថាបនាកំណាត់ផ្លូវនេះឡើងវិញជាប់ធន់បានយូរ ទាមទារការប្រើប្រាស់បច្ចេកសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង។
ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានជូនពរប្រជាពលរដ្ឋធ្វើដំណើរដោយសុខសុវត្ថិភាព និងមេត្តាយោគយល់អធ្យាស្រ័យករណីមានការរំខានក្នុងអំឡុងពេលថែទាំនេះ៕