អភិបាលខេត្តពោធិ៍សាត់ ប្តេជ្ញាជម្រុញចលនាដាំឈើ នៅបរិវេណសាលាស្រុកតាលោសែនជ័យ ឱ្យក្លាយជាស្រុកគម្រូមានព័ណ៌ប៉ៃតង
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានប្តេជ្ញាជម្រុញចលនាដាំកូនឈើចម្រុះ និងឈើហូបផ្លែជាច្រើនឱ្យបានតាមផែនការ នៅបរិវេណតំបន់រដ្ឋបាលប្រមូលផ្តុំ សាលាស្រុកតាលោសែនជ័យ (ស្រុកទើបនឹងបង្កើតថ្មី) ស្ថិតក្នុងភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដើម្បីឱ្យស្រុកមួយនេះ ក្លាយខ្លួនជាស្រុកគម្រូ ឈានមុខគេ ទាំងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលថ្មី និងមានសោភណ្ឌភាពបៃតងស្រស់ស្អាត។
ក្នុងឱកាសត្រួតពិនិត្យមើលកិច្ចការងារដាំកូនឈើ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ខូយ រីដា បានថ្លែងថា ដើមឈើដែលត្រូវយកមកដាក់ដាំ រួមមាន កូនឈើចម្រុះ និងឈើហូបផ្លែជាច្រើន ដែរតាមផែនការគឺត្រូវដាំចន្លោះពី ៣ ទៅ៥ពាន់ដើម តែជំហាន១នេះ យើងដាំបានជិត១ពាន់ដើមហើយ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នៅសង្ខាងផ្លូវ ទាំងផ្លូវធំ និងផ្លូវតូច តាមផែនការគឺត្រូវដាំដើមក្ងោក ហើយដើមឈើចម្រុះ និងឈើហូបផ្លែជាច្រើនផ្សេងទៀត ក៏ត្រូវដាំជាបន្តបន្ទាប់ ឱ្យមានសោភណភាព មានសណ្តាប់ធ្នាប់ និងមានជួរស្អាតល្អ ជាពិសេសដាំដោយយកចិត្តទុកដាក់ មិនត្រូវឱ្យងាប់នោះឡើយ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ផែនការដាំដើមឈើនេះ គឺធ្វើឡើងក្នុងក្របខ័ណ្ឌទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ ដែលត្រូវមកទទួល និងផ្តល់សេវារដ្ឋបាល ហាក់មានអារម្មណ៍ត្រជាក់ស្រស់ស្រាយ និងបានហាត់ប្រាណដើម្បីសុខភាព និងដើម្បីចូលរួមចំណែក ទប់ស្កាត់គ្រោះធម្មជាតិផ្សេងៗ ដូចជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងបាតុភូតធម្មជាតិផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលស្រុកតាលោសែនជ័យ សូមចូលរួមថែរក្សាការពារ នូវសមិទ្ធផលទាំងអស់នេះ ឱ្យបានគង់វង្ស និងបានល្អប្រសើរ ដើម្បីឱ្យស្រុកទើបនឹងបង្កើតថ្មីនេះ មានព័ត៌បៃតង និងស្រស់បំព្រងឡើង យ៉ាងយូរ២ទៅ៣ឆ្នាំខាងមុខ។
គួរជម្រាបជូនថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យ ដើម្បីបង្កើតស្រុកតាលោសែនជ័យ មួយទៀត នៅក្នុងទឹកដីខេត្តពោធិ៍សាត់។ ស្រុកតាលោសែនជ័យ ទើបនឹងបង្កើតនេះ មានឃុំចំនួន០២ ក្នុងនោះមានឃុំតាលោ ដែលកាត់ចេញពីស្រុកបាកាន និងឃុំផ្ទះរុង ដែលកាត់ចេញពីស្រុកភ្នំក្រវាញ នៃ ខេត្តពោធិ៍សាត់។
ជាមួយគ្នានោះ រាជរដ្ឋាភិបាលក៏បានកាត់យកភូមិចំនួន២ គឺភូមិកោះស្វាយ និងភូមិកោះវត្ត ពីឃុំខ្នារទទឹង នៃស្រុកបាកានឱ្យមកនៅក្នុងឃុំតាលោ នៃស្រុកតាលោសែនជ័យផងដែរ។ ដោយឡែកទីតាំងសាលាស្រុក គឺស្ថិតក្នុងភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ខណៈដែរបច្ចុប្បន្នបានដំណើរការសាងសង់រួចរាល់ហើយ នូវអាគាររដ្ឋបាលស្រុក និងការិយាល័យច្រកចេញចូលតែមួយ ៕