អាមររិកបញ្ជូនអនុប្រធានាធិបតី ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិភាពនៅស្វីស
វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នឹងតំណាងឱ្យសហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក រៀបចំដោយប្រទេសស្វីសក្នុងខែមិថុនានេះ ស្តីពីសង្រ្គាមនៅអ៊ុយក្រែន ដែលជាព្រឹត្តិការណ៍មួយត្រូវបានបំពងសំឡេងផ្សព្វផ្សាយទៅកាន់ពិភពលោក ដោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី។
សេតវិមានបានប្រកាសកាលពីថ្ងៃចន្ទទី៣មិថុនាថា លោកស្រី ហារីស នឹងចូលរួមកិច្ចប្រជុំនៅទីក្រុង Lucerne នៅថ្ងៃទី១៥ ខែមិថុនា ខណៈលោកប្រធានាធិបតី ចូ បៃឌិន គ្រោងនឹងបង្ហាញវត្តមានក្នុងកម្មវិធីរៃអង្គាសថវិកានៅរដ្ឋ Los Angeles ដែលរៀបចំដោយតារាសម្ដែង George Clooney និង Julia Roberts។
ប្រធានផ្នែកទំនាក់ទំនងរបស់លោកស្រី ហារីសគឺ លោកស្រី គ្រីស្តេន អាលឡេន (Kirsten Allen) បានបញ្ជាក់ថា៖ «អនុប្រធានាធិបតី នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលបៃឌិន-ហារីស ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បីទទួលបានសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង ដោយផ្អែកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ»។ ជុំវិញបញ្ហានេះ លោកស្រីហារីស ក៏នឹងបញ្ជាក់ឡើងវិញនូវការគាំទ្រសម្រាប់ប្រជាជនអ៊ុយក្រែន នៅពេលដែលពួកគេការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដែលកំពុងនៅបន្ត។
លើសពីនេះ ទីប្រឹក្សាសន្តិសុខជាតិលោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) នឹងអមដំណើរជាមួយលោកស្រី ហារីស ជាគណៈប្រតិភូសហរដ្ឋអាម៉េរិក។ លោក ហ្សេឡេនស្គី បានជំរុញយ៉ាងខ្លាំងដល់កិច្ចប្រជុំកំពូលសន្តិភាព និងបានលើកទឹកចិត្តមេដឹកនាំពិភពលោកឱ្យចូលរួម ខណៈលោកបានចោទប្រកាន់រុស្សីដោយមានជំនួយពីប្រទេសចិនក្នុងការព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រជុំ។ មែនទែនទៅ មេដឹកនាំអ៊ុយក្រែន បានដង្ហើយឱ្យមេដឹកនាំសហរដ្ឋអាម៉េរិក និងចិន ចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។
សូមជម្រាបថា ស្វីសនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៅថ្ងៃទី១៥ ដល់១៦ ខែមិថុនា ក្នុងគោលបំណងដើម្បីកសាងការគាំទ្រអន្តរជាតិទូលំទូលាយសម្រាប់សំណើសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន រួមទាំងការដកកងទ័ពរុស្ស៊ីពេញលេញចេញពីអ៊ុយក្រែន ប៉ុន្តែរដ្ឋធានីម៉ូស្គូមិនត្រូវបានអញ្ជើញឱ្យចូលរួមទេ។
គួរបញ្ជាក់ថា ប្រទេសចំនួន១០៧ និងអង្គការអន្តរជាតិបានបញ្ជាក់ពីការចូលរួមរបស់ពួកគេ រួមទាំងសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន និងបណ្តាប្រទេសមកពីអាម៉េរិកខាងត្បូង អាហ្វ្រិក និងមជ្ឈិមបូព៌ា។