អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពដំណើរការនៃការជ្រើសរើសអង្គភាពផ្តល់សេវាសាធារណៈគំរូ ដើម្បីចូលរួមក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពដំណើរការនៃការជ្រើសរើសអង្គភាពផ្តល់សេវាសាធារណៈគំរូ ដើម្បីចូលរួមក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលស្ថិតក្រោមរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក។
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត មានប្រសាសន៍បើកកិច្ចប្រជុំ ស្តីពីការប្រឡងប្រណាំងជ្រើសរើសអង្គភាពផ្តល់សេវាសាធារណគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលនៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានយកចិត្តទុកដាក់ចលនាប្រឡងប្រណាំងការបំរើសេវាសាធារណៈគំរូ។ ដូច្នេះយើងត្រូវកែលម្អការបំរើសេវាសាធារណឱ្យកាន់តែល្អ ដោយផ្អែកលើផ្នែក នៃការលើកទឹកចិត្តក្នុងការអភិវឌ្ឍសមត្ថភាពមន្ត្រីបំរើការងារលើសេវាសាធារណៈបានល្អ ដោយសារយើងមានការបោះឆ្នោតជាបន្តបន្ទាប់ ធ្វើឱ្យការប្រឡងប្រណាំងសេវាសាធារណរបស់យើងមិនបានផុលផុស ក៏ប៉ុន្តែយើងរីករាយនឹងទទួលយកដោយសារបេក្ខភាព បេក្ខជនដែលបានចូលរួមចលនាប្រឡងប្រណាំងរបស់យើងចេះមានការឈឺចាប់ ដើម្បីកែលម្អសេវារបស់យើងបានកាន់តែល្អ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា សម្រាប់ឆ្នាំនេះយើងត្រូវខិតខំជំរុញពីដើមទី ដើម្បីទទួលបានលទ្ធផលល្អក្នុងការបំរើសេវាសាធារណៈ ហើយផលដែលប្រជាពលរដ្ឋទទួលបាន ប្រកបដោយផ្លែផ្កា ទន្ទឹមនោះយើងត្រូវចាប់អនុវត្តបំពេញគ្រប់សូចនាករព្រមៗគ្នាទាំងសកម្មភាពនៅទីវាលធ្វើឱ្យប្រជាពលរដ្ឋទទួលបានផល នៃការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា។ សុំឱ្យអ្នកពាក់ព័ន្ធត្រូវខិតខំសិក្សារៀនសូត្រ ហើយអង្គភាពទទួលសេវាប្រឡងប្រណាំង ត្រូវសិក្សាស្វែងយល់រួមគ្នាធ្វើ ហើយអ្នកដែលត្រូវបំរើសេវាសាធារណៈ ត្រូវធ្វើសកម្មភាពព្រមគ្នា យើងត្រូវមានការយល់ដឹងទាំងអស់គ្នាលើវិស័យសុខាភិបាល វិស័យអប់រំ ដោយបំពេញនូវសូចនាករវាយតម្លៃពីគណៈកម្មាធិការការផ្តល់សេវាសុខាភិបាល និងសេវាអប់រំ ក្នុងការវាយតម្លៃដាក់ពិន្ទុ ដែលជាមុខមាត់របស់ខេត្ត ហើយសកម្មភាពសំខាន់ក្នុងការបំរើសេវាសាធារណរបស់យើង គឺការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលជាកិត្តិយសក្នុងការពង្រីកទៅតាមមណ្ឌលសុខភាព សាលារៀនគោលដៅ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃការប្រឡងប្រណាំបំរើសេវាសាធារណគំរូ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ យើងត្រូវរៀបចំប្លង់គោលនៅមន្ទីរពេទ្យទាំងមូល មានដូចជាកន្លែងផ្ញើឡាន ម៉ូតូ សួនច្បារ កន្លែងទទួលសេវាប្រកបដោយសុភ័ណភាព និងបរិស្ថានល្អស្អាត។ សម្រាប់សូចនាករ នៃការបំរើសេវាសាធារណរបស់សុខាភិបាលមានដូចជា សូចនាករ គោលមានចំនួន៨ សូចនាករវិនិច្ឆ័យរងចំនួន២៣ និងសូចនាករលម្អិត ៦៩០។ ដោយឡែកការបំរើសេវាសាធារណៈសម្រាប់វិស័យអប់រំ ជ្រើសរើសយកវិទ្យាល័យចំនួន៨ និងមត្តេយ្យសិក្សាចំនួន៣ ក្នុងនោះ វិទ្យាល័យ តម្រូវមានសូចនាករគោល៨ សូចនាករ វិនិច្ឆ័យរង២២ និងសូចនាករលម្អិតចំនួន១៦៧ ស្មើនឹង ៨៣៥ពិន្ទុ។ មត្តេយ្យសិក្សាមាន ៣សាលា មានសូចនាករគោល៨ សូចនាករវិនិច្ឆ័យរង២២ និងសូចនាករលម្អិត១២៣ ស្មើនឹង ៦១៥ពិន្ទុ។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណបេក្ខភាព ដែលបានចូលរួមចលនាប្រឡងប្រណាំងការបំរើសេវាសាធារណល្អសម្រាប់ឆ្នាំ២០២៤ ទន្ទឹមនោះយើងត្រូវរួមគ្នាធ្វើកិច្ចការនេះឱ្យបានលទ្ធផលល្អប្រសើរ ៕