ទេសរដ្ឋមន្ត្រី គន់ គីម គ្រោងតម្លើងអង់តែនការពាររន្ទះ នៅតំបន់ជួបបញ្ហាប្រឈម បន្ទាប់ពីរដូវវស្សាក្នុងឆ្នាំ២០២៤នេះ
ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែឧសភា ឆ្នាំ២០២៤ និងទិដៅខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងស្នើទៅកាន់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលខាងមុខនេះ ដើម្បីពីនិត្យអំពីថវិកាក្នុងការផ្តល់នូវគម្រោងតម្លើងអង់តែនការពាររន្ទះ ដែលជាបញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាគ្រោះមហន្តរាយនានា។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានបញ្ជាក់ថា ការស្នើថវិកាតម្លើងអង់តែនការពាររន្ទះបាញ់នេះ ខណៈតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងឆ្នាំ២០២៤នេះ ស្ថានភាពដែលបង្កឱ្យមានរន្ទះបាញ់អាចនឹងធ្ងន់ធ្ងរជាងឆ្នាំ២០២៣។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា យោងតាមស្ថានភាពដែលបានកើតឡើងក្នុងពេលបច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់រន្ទះបាញ់គឺជាបញ្ហាមួយដែលត្រូវយកចិត្តទុកដាក់ស្របពេលរដូវវស្សាមកដល់នេះ នឹងត្រូវសិក្សារកទីតាំងជាក់លាក់ដែលជាតំបន់ងាយរងគ្រោះដោយសារគ្រោះថ្នាក់រន្ទះបាញ់ ដើម្បីដំណើការសាកល្បងក្នុងការដំឡើងនូវឧបករណ៍ការពាររន្ទះនេះ។
សូមបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០២៤នេះ មានគ្រោះថ្នាក់រន្ទះបាញ់កើតមានចំនួន ៥៥លើក តាមមូលដ្ឋានខេត្ត ចំនួន១៨, រងគ្រោះ ស្លាប់ ៣០នាក់(ស្រី៣) របួស ២៨នាក់ ងាប់គោក្របី ចំនួន ២០ក្បាល និងខូចខាតផ្ទះ ១៤ខ្នង ៕