សហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យនិស្សិតកម្ពុជា ទៅសិក្សានៅសាលា Westpoint ឡើងវិញ
ភ្នំពេញ៖ ឯកឧត្ដម ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានថ្លែងបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងបើកឡើងវិញ អនុញ្ញាតឱ្យនិស្សិតកម្ពុជាទៅសិក្សានៅសាលា Westpoint របស់អាមេរិក ផ្លាស់ប្ដូរការសន្ទនាក្នុងវិស័យយោធា សមយុទ្ធរួមគ្នាដើម្បីសង្គ្រោះ ការគ្រប់គ្រងគ្រោះមហន្តរាយ បន្តការបណ្ដុះបណ្ដោយក្នុងវិស័យដោះមីននិងគ្រាប់មិនទាន់ផ្ទុះ ដោយចាប់ផ្ដើមកិច្ចសន្ទនាការពារជាតិដើម្បីដោះស្រាយភាពខុសគ្នា ដើម្បីកសាងនូវទំនុកចិត្តអោយកាន់តែខ្លាំងដើម្បីអនាគតរបស់ប្រទេសទាំងពីរ ដែលមានផលប្រយោជន៍ទៅវិញទៅមក។
ការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ធ្វើឡើងក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ ៕