សម្ដេចតេជោ ស្នើឲ្យអាមេរិក កុំយកប្រទេសកម្ពុជាធ្វើជាទីកន្លែង ដើម្បីប្រកួតប្រជែងកណ្ដាល ភូមិសាស្ត្រនយោបាយរវាងគ្នានិងគ្នា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរ ឲ្យសហរដ្ឋអាមេរិក កុំដាក់ប្រទេសកម្ពុជា នៅក្នុងយុទ្ធសាសន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជា ធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងកណ្ដាល ភូមិសាស្ត្រនយោបាយរវាងគ្នានិងគ្នា។
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ ឯកឧត្ដម ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានឯកភាពចំពោះគោលបំណងរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការខិតខំពង្រីកនូវទំនាក់ទំនងល្អឲ្យប្រសើរឡើងវិញ ដោយកន្លងមកសម្ដេចតេជោបានចាត់ទុកថា ទំនាក់ទំនងយើងមិនអាក្រក់ពេកនោះទេ។ សម្តេចបានចាត់ទុកថាកន្លងមក ភាគីយើងទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នាអោយបានច្រើន។ ការខ្វះខាតមួយទៀតគឺការខ្វះខាតព័ត៌មាននិងការវាយតម្លៃខុស ដែលធ្វើឲ្យភាគីទាំងពីរមានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា មិនបានធ្វើការពិភាក្សាគ្នា។
សម្ដេចតេជោ ក៏បានសំណូមពរ សហរដ្ឋអាមេរិក កុំដាក់ប្រទេសកម្ពុជានៅក្នុងយុទ្ធសាសន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជាធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងកណ្ដាលភូមិភូមិសាស្ត្រនយោបាយរវាងគ្នានិងគ្នា។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានបញ្ជាក់ថាកម្ពុជាបានអនុវត្តនយោបាយរបស់ខ្លួនផ្អែកលើច្បាប់។ ឆ្លៀតក្នុងឪកាសនេះដែរ សម្ដេចក៏បានអរគុណចំពោះ សហរដ្ឋអាមេរិក ដែលបានជួយកម្ពុជាក្នុងវិស័យជាច្រើន ហើយដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរឡើងនោះ ប្រទេសទាំងពីរត្រូវបំព្រួញឧបសគ្គឲ្យនៅតូច និងពង្រីកកិច្ចសហការឲ្យកាន់តែច្រើន និងមានប្រសិទ្ធភាព។
សម្ដេចតេជោ បានមានប្រសាសន៍ថាអ្វីដែលយើងមានកិច្ចសហប្រតិបត្តិការពីអតីតកាល កិច្ចសន្ទនារវាងក្រសួងការពារជាតិទាំងពីរ ការសន្ទនានានា ការធ្វើសមយុទ្ធរួមគ្នា គឺត្រូវតែបន្តធ្វើការជាមួយគ្នាតទៅទៀត ៕