កម្ពុជា-អាមេរិក ឯកភាពលើការបន្តឲ្យមានការសន្ទនាគ្នា ដើម្បីស្វែងរកផ្លូវថ្មីមួយ ក្នុងទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក ដើម្បីអនាគត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងឯកឧត្ដម ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានឯកភាពគ្នាលើការបន្តឲ្យមានការសន្ទនាគ្នា ដើម្បីស្វែងរកផ្លូវថ្មីមួយក្នុងទំនាក់ទំនង រវាងកម្ពុជានិងអាមេរិកដើម្បីអនាគត ។
នៅព្រឹកថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ ឯកឧត្ដម ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សម្ដេចតេជោ និងឯកឧត្តមអូស្ទីន បានឯកភាពគ្នាលើការបន្តអោយមានការសន្ទនាគ្នាដើម្បីស្វែងរកផ្លូវថ្មីមួយក្នុងទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកដើម្បីអនាគត។ ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាមេរិក បានកោតសរសើរចំពោះសម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលបានបង្ហាញជំហរយ៉ាងរឹងមាំក្នុងវិស័យការពារជាតិដើម្បីរៀបចំនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ហើយក្នុងនោះ សហរដ្ឋអាមេរិកនឹងបើកឡើងវិញ អនុញ្ញាតឱ្យនិស្សិតកម្ពុជាទៅសិក្សានៅសាលា Westpoint របស់អាមេរិក ផ្លាស់ប្ដូរការសន្ទនាក្នុងវិស័យយោធា សមយុទ្ធរួមគ្នាដើម្បីសង្គ្រោះ ការគ្រប់គ្រងគ្រោះមហន្តរាយ បន្តការបណ្ដុះបណ្ដោយក្នុងវិស័យដោះមីននិងគ្រាប់មិនទាន់ផ្ទុះ ដោយចាប់ផ្ដើមកិច្ចសន្ទនាការពារជាតិដើម្បីដោះស្រាយភាពខុសគ្នា ដើម្បីកសាងនូវទំនុកចិត្តអោយកាន់តែខ្លាំងដើម្បីអនាគតរបស់ប្រទេសទាំងពីរ ដែលមានផលប្រយោជន៍ទៅវិញទៅមក។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនាដែលនឹងត្រូវចាប់ផ្ដើម ព្រោះការនៅឆ្ងាយពីគ្នានឹងនាំអោយបាត់បង់ព័ត៌មាន ។ សម្ដេចតេជោ បានចាត់ទុកថា អ្វីដែលជាអទិភាពគឺការសន្ទនាជាពិសេសនៅក្នុងវិស័យការពារជាតិ ធ្វើយ៉ាងណាឱ្យអស់ការសង្ស័យរវាងគ្នាទៅវិញទៅមក និងកសាងនូវទំនុកចិត្តឲ្យកាន់តែខ្លាំងឡើងវិញរវាងប្រទេសទាំង២ ៕