សហរដ្ឋអាមេរិក បង្ហាញបំណង ជម្រុញវិស័យសេដ្ឋកិច្ច និងវិនិយោគអាមេរិក មកកម្ពុជាឲ្យបានច្រើនទៀត
ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី៤ មិថុនានេះ ឯកឧត្ដម ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានបង្ហាញពីបំណងប្រាថ្នាក្នុងការជម្រុញវិស័យសេដ្ឋកិច្ច និងវិនិយោគអាមេរិកមកកម្ពុជាឲ្យបានច្រើនទៀត ។
ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងការអរគុណ ហើយក៏បញ្ជាក់បន្ថែមថា ពេលដែលទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មមានការកើនឡើង នោះនឹងគាំទ្រដល់វិស័យនយោបាយអោយរឹងមាំផងដែរ។ សម្ដេចតេជោ ក៏បានបានសម្ដែងនូវក្ដីសង្ឃឹមថា ឯកឧត្តមអូស្ទីន នឹងជម្រុញឲ្យអ្នកវិនិយោគអាមេរិកមកកម្ពុជាច្រើនថែមទៀត។
ជាចុងក្រោយ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានជូនពរ ឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងគណៈប្រតិភូ និង បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងជូនពរជ័យ ជូនចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បាយដិន (Joe Biden) តាមរយៈឯកឧត្តមរដ្ឋមន្ត្រីការពារជាតិផងដែរ។
ឯកឧត្ដម រដ្ឋមន្ត្រីការពារជាតិអាមេរិក បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោប្រធានព្រឹទ្ធសភា ដែលបានផ្ដល់ពេលវេលា អោយ ឯកឧត្ដម និងគណៈប្រតិភូចូលជួបនៅថ្ងៃនេះ ដែលជំនួបនេះនឹងផ្ដល់នូវប្រយោជន៍នាពេលអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសទាំងពីរក្នុងទំនាក់ទំនងជាមួយគ្នា។ ជំនួបពិភាក្សាត្រូវបានបញ្ចប់ក្នុងស្មារតីស្មោះត្រង់ ប្រកបដោយបរិយាកាសរីករាយ៕