លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុញ្ញាតឱ្យគណៈប្រតិភូចក្រភពអង់គ្លេសប្រចាំកម្ពុជា និងវិស័យឯកជនចក្រភពអង់គ្លេសចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូតំណាងចក្រភពអង់គ្លេសប្រចាំកម្ពុជា សភាពាណិជ្ជកម្មអង់គ្លេសប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនសំខាន់ៗរបស់អង់គ្លេសដែលមានវត្តមាននៅកម្ពុជា ប្រមាណ ១០រូប ចូលជួបពិភាក្សាការងារ ស្ដីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក្រោមក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីវេទិការពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងអង់គ្លេស ព្រមទាំងការជំរុញការវិនិយោគ និងធុរកិច្ចរវាងវិស័យឯកជន៕