គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងស្នើទៅកាន់ក្រសួងសេដ្ឋកិច្ច ដើម្បីពិនិត្យអំពីថវិកាក្នុងការផ្តល់នូវគម្រោងតម្លើងអង់តែនការពាររន្ទះ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែឧសភា ឆ្នាំ២០២៤ និងទិដៅខែមិថុនា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន គ.ជ.គ.ម. , ឯកឧត្តម ទីប្រឹក្សា, រួមទាំងឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង គ.ជ.គ.ម. , លោកប្រធាន អនុប្រធាន នាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធផងដែរ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ថា ករណីគ្រោះថ្នាក់រន្ទះបាញ់គឺជាបញ្ហាមួយដែលត្រូវយកចិត្តទុកដាក់ស្របពេលរដូវវស្សាមកដល់នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រីបន្តថា យើងត្រូវសិក្សារកទីតាំងជាក់លាក់ដែលជាតំបន់ងាយរងគ្រោះដោយសារគ្រោះថ្នាក់រន្ទះបាញ់ដើម្បីដំណើការសាកល្បងក្នុងការដំឡើងនូវឧបករណ៍ការពាររន្ទះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី អះអាងថា នាពេលខាងមុខនឹងស្នើទៅកាន់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពីនិត្យអំពីថវិកាក្នុងការផ្តល់នូវគម្រោងតម្លើងអង់តែនការពាររន្ទះបាញ់ដែលជាបញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាគ្រោះមហន្តរាយនានា ខណៈតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងឆ្នាំ២០២៤នេះ ស្ថានភាពដែលបង្កឱ្យមានរន្ទះបាញ់អាចនឹងធ្ងន់ធ្ងរជាងឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែឧសភា ឆ្នាំ២០២៤ និងទិដៅខែមិថុនា ឆ្នាំ២០២៤ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងនូវការកោតសរសើរ និងអគុណចំពោះថ្នាក់ដឹកនាំ និងមបន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការលើកកម្ពស់ការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយធ្វើការឆ្លើយតបសង្គ្រោះព្រោះបន្ទាន់ និងការស្ដារឡើងវិញបានទាន់ពេលវេលានៅពេលមានគ្រោះមហន្តរាយផ្សេងៗកើតឡើងកន្លងមក៕