ឯកឧត្តម វ៉ា ថន ណែនាំដល់គ្រប់គណៈបញ្ជាការឯកភាពក្រុងស្រុក ត្រូវពង្រឹងចាត់វិធានការបង្ក្រាបលើបញ្ហាគ្រឿងញៀន ក្មេងទំនើង និងរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
ភ្នំពេញ៖ នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តក្រចេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។
ក្នុងកិច្ចប្រជុំមានរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន ៖(១)-ពិនិត្យលើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ (២)-ការងារសុខាភិបាល និង(៣)-ការងារកសិកម្ម ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ណែនាំឱ្យគ្រប់គណៈបញ្ជាការឯកភាពក្រុងស្រុក ត្រូវពង្រឹងចាត់វិធានការចាប់បង្ក្រាបលើបញ្ហាគ្រឿងញៀន និងក្មេងទំនើង និងរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ទីប្រជុំជន នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុច និងជាពិសេសឆ្លើយតបទៅនឹងការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើអាជ្ញាធរ ក្រោមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕