ឯកឧត្ដម គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាល បន្ដជួបជនរងគ្រោះជាង៣០០នាក់ លើកទី៣ ក្នុងសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា
ភ្នំពេញ៖ ក្រោយទទួលបានការសិទ្ធិប្រទានពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឯកឧត្ដម គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមេធាវីរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានបន្ដជួបជាមួយជនរងគ្រោះចំនួន៣១០នាក់ ក្នុងសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលជាក្រុមជាទី៣។ ជំនួបនេះធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម បានអះអាងថា ក្រោយទទួលបានការប្រគល់សិទ្ធិពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់ចែងក្រុមការងារបន្ទាន់ភ្លាមៗ ដើម្បីផ្ដល់មធ្យោបាយជូនប្រជាពលរដ្ឋដែលជាជនរងគ្រោះ។
ឯកឧត្ដមបានបញ្ជាក់ថា ការជួបជាមួយប្រជាពលរដ្ឋលើកទី៣ ជាង៣០០នាក់នៅពេលនេះ ក្រោយក្រុមមេធាវីរាជរដ្ឋាភិបាលបានជួបជាមួយជនរងគ្រោះ២លើករួចមកហើយ។ លោកថា តាមព័ត៌មានដែលលោកទទួលបាន មានប្រជាពលរដ្ឋជាង៣,០០០នាក់ ដែលអះអាងថា ជនរងគ្រោះក្នុងករណីនេះ។
បើតាមឯកឧត្ដមមេធាវី គី តិច ការជួបប្រជាពលរដ្ឋរងគ្រោះនៅពេលនេះ ក៏មិនខុសពីលើកមុនៗដែរ ពោលធ្វើឡើងក្នុងគោលបំណងធំចំនួន២ រួមមាន ទី១៖ ការប្រគល់សិទ្ធិជាតំណាងដោយស្របច្បាប់ជូនមេធាវី តាមរយៈការផ្ដិតមេដៃដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំ និងទី២៖ ប្រមូលយកភស្ដុតាងដែលបញ្ជាក់ថា ពួកគាត់ជាជនរងគ្រោះយ៉ាងពិតប្រាកដ។
ឯកឧត្ដមបានពន្យល់ថា នៅពេលជនរងគ្រោះប្រគល់សិទ្ធិរួចរាល់ហើយនោះ មេធាវីមានសិទ្ធិទៅការពារក្ដីក្នុងសំណុំរឿងដែលប្រគល់សិទ្ធិប៉ុណ្ណោះ ពោលមិនអាចទៅអនុវត្តអ្វីដែលលើសនេះឡើយ ដូច្នេះហើយសូមជនរងគ្រោះទាំងអស់កុំព្រួយបារម្ភ។
ឯកឧត្ដម គី តិច បានបន្ថែមទៀតថា កន្លងមកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងតាមដានជាប់ជាប្រចាំចំពោះការវិវឌ្ឍន៍ថ្មីៗ ក្នុងសំណុំរឿងនេះ។ ឯកឧត្ដមថា កន្លងមកការយកចិត្តទុកដាក់បង្ហាញឲ្យបានឃើញ តាមរយៈចាប់ជនពាក់ព័ន្ធ និងបញ្ចប់មុខងារឧកញ៉ា និងកំពុងស្វះស្វែងគ្រប់មធ្យោបាយទាំងអស់ ដើម្បីជួយជនរងគ្រោះ។ ឯកឧត្ដមសង្កត់ធ្ងន់ថា បច្ចុប្បន្នបុគ្គល ឡេង ចាន់ណា កំពុងស្ថិតក្នុងពន្ធនាគារ ក្រោមចំណាត់ការច្បាប់យ៉ាងម៉ឺងម៉ាត់។
ឯកឧត្ដមបានបង្ហើបថា រាជរដ្ឋាភិបាលបានចាត់បញ្ជាក្រុមការងារជំនាញមួយក្រុមទៀត ដើម្បីស្រាវជ្រាវរកទ្រព្យសម្បត្តិរបស់បក្ខពួកអតីតឧកញ៉ា ឡេង ចាន់ណា ដែលបានពីការឆបោកប្រជាពលរដ្ឋនាពេលកន្លងទៅនេះ។
ឯកឧត្ដមមេធាវី គី តិច បានសង្កត់ធ្ងន់ថា ការប្រគល់សិទ្ធិដោយស្របច្បាប់នៅពេលនេះ ដើម្បីឲ្យមេធាវីរាជរដ្ឋាភិបាលតតាំងក្ដីតាមផ្លូវតុលាការ គឺមិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ។ ឯកឧត្ដមកត់សម្គាល់ថា នេះជាលើកទី១ហើយ ដែលរាជរដ្ឋាភិបាលបញ្ជូនមេធាវីររដ្ឋាភិបាល ទៅជួយការពារប្រជាពលរដ្ឋក្នុងសំណុំរឿងឯកជន។
សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែឧសភា និងថ្ងៃទី០២ ខែមិថុនាកន្លងទៅនេះ ឯកឧត្ដមមេធាវី គី តិច ក៏បានជួបជាមួយជនរងគ្រោះ ចំនួន២លើករួចមកហើយ សរុបប្រមាណ៥០០នាក់។ ការជួបនេះនឹងធ្វើឡើងជាបន្ដបន្ទាប់ រហូតទាល់តែគ្រប់ចំនួននៃជនរងគ្រោះ ដើម្បីទទួលយកព័ត៌មានផ្សេងៗ និងបញ្ចប់រាល់ចម្ងល់ទាំងអស់របស់ជនរងគ្រោះ៕